កំពង់ឆ្នាំង៖ យុវជន ជនជាតិ វៀតណាមម្នាក់ បានលង់ទឹកទន្លេស្លាប់ ខណៈពេល យុវជនរូប
នោះបានមុជទឹក ចូលទៅស្រាយខ្សែ យុថ្កាផ្ទះបណ្តែតទឹករបស់ខ្លួន ។ ហេតុការណ៍ ខាងលើ
នេះបានកើតឡើងកាល ពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅចំណុច
ផ្ទះបណ្តែតទឹកទន្លេ ក្នុង ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចបាន អោយដឹងថា ដំបូងឡើយ គេសង្ស័យថា យុវនរូបនោះ ទំនងជាឆក់ខ្សែ
ភ្លើង ខណៈមុជទៅក្នុងទឹកនោះ ទើបប្រជាពលរដ្ឋ ញាតិ មិត្តជិតខាង ស្រង់ជនរងគ្រោះយក
ទៅលាបភក់ ប៉ុន្តែបើយោងតាម ម្តាយបង្កើតជនរងគ្រោះ ឈ្មោះ ង្វៀង ធីវៀក បានអោយដឹង
ថា កូនប្រុសរបស់គាត់ ឈ្មោះ ង្វៀង យ៉ាំងថាន់ អាយុ១៧ឆ្នាំ បានលង់ទឹកស្លាប់ ខណៈពេល
មុជទឹក ដើម្បីស្រាយខ្សែយុថ្កា ថយផ្ទះទៅក្រោយ (ប្តូរទីតាំង) ។
ជនរងគ្រោះ ទំនងជាមុជទឹក ពេលងើប ឡើងវិញចូល ទៅក្នុងពាងខណៈ ផ្ទះបណ្តែតទឹក របស់
គេយកពាង ធ្វើជាពោងបណ្តែតនោះ ។ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងសាច់
ញាតិ កំពុងតែរៀបចំចាត់ចែង ធ្វើបុណ្យ ទៅតាមប្រពៃណី របស់ពួកគេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល