CamNews

ព័ត៌មានជាតិ 

ក្រុមចោរ ពីរនាក់ ឆក់កាបូប បានបន្តិច ជួបគ្រោះថ្នាក់ចរាចរ សល់ដង្ហើមចង្រិត

កំពង់ចាមៈ ចោរឆក់កាបូបពីរនាក់ ក្រោយពីធ្វើសកម្មភាពបានបើកម៉ូតូរត់ បានបន្តិចក៏ជួបគ្រោះ
ថ្នាក់ចរាចរ រងរបួសធ្ងន់ទាំងពីរនាក់ សល់តែដង្ហើម ចង្រិត ខណៈដឹកយកមកសង្គ្រោះ នៅមន្ទីរ
ពេទ្យខេត្តកំពង់ចាម ។ ហេតុការណ៍ដែលក្រុមចោរទាំងពីរនាក់ បានធ្វើសកម្មភាពឆក់កាបូបប្រជា
ពលរដ្ឋ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅចំណុចមុខមន្ទីរមន្ទីរ
ពេទ្យបង្អែកក្រុងសួង .សង្កាត់សួង ក្រុងសួង ខេត្ត កំពង់ចាម។

បើតាមលោក ស៊ុន ណាត នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសួង បានប្រាប់ឲ្យដឹង
ថា ក្រុមចោរឆក់កាបូប ដែលជួបគ្រោះថ្នាក់ ចរាចរ មានឈ្មោះ ទី១ សុខ ណាដូ ភេទប្រុស អាយុ១៨
ឆ្នាំ .ទី២ ឈ្មោះ ឃឹម តុលា ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិបឹងស្នាយ សង្កាត់សំ
បួរមាស ក្រុងកំពង់ចាម ។ លោក នាយផ្នែក បានឲ្យដឹងទៀតថា នៅវេលាម៉ោងជាង៨ព្រឹកថ្ងៃកើត
ហេតុ ជនរងគ្រោះ ឈ្មោះ ឈួន ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិសួងលិច សង្កាត់
សួង វិលត្រឡប់ពីផ្សារជិះម៉ូតូ ម៉ាកស្កុបពីដាក់កាបូប ក្នុងឃ្លុបក្រោមដៃចង្កូត លុះជិះដល់ចំណុចមុខ
មន្ទីរពេទ្យបង្អែកក្រុងសួង ស្រាប់តែ មានបុរសពីរនាក់ជិះម៉ូតូម៉ាកស្កុបពីដែរ បានជិះតាម ហើយលូក
យកកាបូបរបស់នារីរងគ្រោះ ជិះរត់ទៅមុខ ពេលនោះក៏មានការផ្អើលឆោឡោ ហើយភ្លាមៗនោះ
សាច់ញាតិរបស់នារីរងគ្រោះ បាននាំគ្នា ជួយជិះម៉ូតូតាមរក លុះបានបន្តិចមកស្រាប់តែឮសូរថា មាន
ករណីគ្រោះថ្នាក់ចរាចរ នៅចម្ងាយពីកន្លែងឆក់កាបូប ប្រហែល៣គីឡូម៉ែត្រ ហើយពេលនោះ នារី
រងគ្រោះក៏បានទៅមើល និងសមត្ថកិច្ចក៏នៅទីនោះដែរ។

លោក នាយផ្នែក បានបន្តថា នៅកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរនោះ គេឃើញជនទាំងពីរនាក់
នោះ ដេកសន្លប់ទាំងពីរនាក់នៅលើថ្នល់ ហើយ ខណៈដែលសមត្ថកិច្ចជំនាញកំពុងតែពិនិត្យ ស្រាប់
តែឃើញទូរស័ព្ទរបស់នារីរងគ្រោះ នៅក្នុងហោប៉ៅអាវរបស់ក្រុមជនទាំងពីរនាក់នោះ ក្រោយ ពីការ
ពិនិត្យបានច្បាស់លាស់ហើយ ទើបសមត្ថកិច្ចបានសន្មត់ថា ជនទាំងពីរនាក់នោះ គឺជាអ្នកដែលទើប
ឆក់កាបូប នារីរងគ្រោះមុននេះ បន្តិច។ បន្ទាប់មកជនទាំងពីរនាក់នោះ ត្រូវបានរថយន្តសាមុយ ដឹក
យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

ចំពោះជនទាំងពីរនាក់ បន្ទាប់ពីយកមកដល់មន្ទីរពេទ្យ បើតាមលោក ម៉ឹង សាវឿន មន្ត្រីនគរបាល
បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានឲ្យដឹងដែរថា របួសជន
សង្ស័យទាំងពីរនាក់ មាន អាការធ្ងន់ធ្ងរខ្លាំង ប្រហែលជាមិនសង្ឈឹមរស់ទេ នេះបើតាមការអះអាង
របស់ គ្រូពេទ្យ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ