ភ្នំពេញ៖ ប្រភពពីមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានឲ្យដឹងថា ស្នងការរងនគរបាលរាជធានីភ្នំពេញ និងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ត្រូវបានតែងតាំងជា ស្នងការ នគរបាលខេត្តព្រះសីហនុ។ ពិធី តែងតាំងនេះ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០១៥ សប្តាហ៍ក្រោយនេះ។
ឧត្តមសេនីយ៍ ជួន ណារិន្ទ អតីតប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ត្រូវបានតែងតាំង ជាស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌកាលពីឆ្នាំ២០១៤។ លោក ជួន ណារិន្ទ ត្រូវ បានគេ មើលឃើញថា ជាមន្រ្តីនគរបាលមួយរូប ដែលមានជំនាញខ្ពស់លើ ផ្នែកព្រហ្មទណ្ឌ និងធ្លាប់បានបញ្ចេញ ស្នាដៃជាច្រើន លើការបង្រ្កាបបទល្មើស នានាក្នុងរាជធានីភ្នំពេញ។
ការតែងតាំងលោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ទៅជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើឡើងចំពេល ដែលខេត្តឆ្នេរសមុទ្រសម្បូរដោយភ្ញៀវទេសចរណ៍មួយនេះ កំពុងកើតមានបញ្ហាអសកម្មជាច្រើន ជាពិសេស បញ្ហាអសន្តិសុខជាច្រើនក្នុងខេត្ត ដូចជាការបាញ់បោះអានាធិបតេយ្យ និងចោរកម្មលួចឆក់ទ្រព្យសម្បត្តិរបស់ជន បរទេស ជាភ្ញៀវទេសចរ។
តំណែងបច្ចុប្បន្នរបស់លោក ជួន ណារិន្ទ ត្រូវបានជំនួសដោយលោកឧត្តមសេនីយ៍ត្រី សុង លី៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល