ភ្នំពេញ៖ ក្រសួងព័ត៌មានបានអនុញ្ញាតឲ្យវិទ្យុ FM ក្នុងស្រុក អាចផ្សាយបន្តពីវិទ្យុបរទេស ដែល
ផ្សាយជា ខេមរភាសាឡើងវិញហើយ នៅរសៀលថ្ងៃទី២៩ ខែមិថុនា នេះ។ ការអនុញ្ញាតនេះ បាន
ធ្វើឡើង រយៈពេលតែមួយថ្ងៃ ប៉ុណ្ណោះ ក្រោយពីក្រសួងព័ត៌មាន បានចេញលិខិតហាមការផ្សាយ
បន្ត កាលពីថ្ងៃទី២៨ មិថុនា ម្សិលមិញ។
យោងតាមការជូនដំណឹងរបស់ទូរទស្សន៍ជាតិនៅវេលាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យ
ដឹងថា ក្រសួងព័ត៌មាន បានចេញលិខិតមួយច្បាប់ ដែលចុះហត្ថលេខា ផ្ទាល់ ដោយលោករដ្ឋមន្រ្តី
ក្រសួងព័ត៌មាន ខៀវ កាញ្ញារីទ្ធ អនុញ្ញាតឲ្យវិទ្យុ FM ក្នុងស្រុកទាំងអស់ មានសិទ្ធិជួលម៉ោង និងអាច
ផ្សាយបន្តពីវិទ្យុបរទេសផ្សាយ ជាខេមរ ភាសាឡើង វិញហើយ។ តែការផ្សាយនេះ ត្រូវគោរពតាម
ការណែនាំរបស់ក្រសួងព័ត៌មានក្នុងលិខិតលេខ ៤ ព.ម សណន ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣។
ពាក់ព័ន្ធការអនុញ្ញាតឲ្យផ្សាយឡើងវិញនេះ លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ ក៏បានបញ្ជាក់
ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅយប់ថ្ងៃទី២៩ ខែមិថុនា ក្រសួងព័ត៌មាន ពិតជាបានអនុញ្ញាត
ឲ្យវិទ្យុ FM នៅកម្ពុជា ចាក់ផ្សាយបន្តពីវិទ្យុបរទេស ជាខេមរភាសាឡើងវិញហើយ។
ក្រសួងព័ត៌មានកាលពីថ្ងៃទី២៥ ខែមិថុនា តាមរយៈលិខិតណែនាំមួយច្បាប់ ចុះហត្ថលេខាដោយ
លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានហាមរាល់វិទ្យុ FM ក្នុងស្រុកទាំងអស់ ចាក់
ផ្សាយបន្តវិទ្យុ បរទេស ដែលផ្សាយជាខេមរភាសា រយៈពេល ៣១ថ្ងៃ ក្នុងអំឡុងពេលនៃយុទ្ធនាការ
ឃោសនារកសំឡេង ឆ្នោត ក៏ដូចជាថ្ងៃ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នេះ។
សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ត្រូវបានបណ្តាញព័ត៌មានក្នុងស្រុកទាំងអស់ មានការចាប់អា-
រម្មណ៍យ៉ាងខ្លាំង និងផ្សាយយ៉ាងផុលផុសកាលពីថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ។ លិខិតហាម
ប្រាមមួយច្បាប់នេះ បានធ្វើឲ្យមាន ការរិះគន់យ៉ាងខ្លាំង ពីសាធារណជនទូទៅ ជាពិសេសមន្រ្តី
ស្ថានទូតអាម៉េរិក មានប្រតិកម្មបន្ទាន់ ព្រមទាំងចាត់ទុក ថា ជាបំបិទ និងរំលោភយ៉ាងធ្ងន់ធ្ងរទៅ
លើសិទ្ធិសេរីភាព នៃការបញ្ចេញមតិនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ខំថែរក្សាបានជាច្រើន
ឆ្នាំមក ហើយនោះ។
ពាក់ព័ន្ធនិងការហាមការផ្សាយបន្តនេះ លោក ខៀវ កាញ្ញារីទ្ធ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា តាមរយៈ
គេហទំព័រហ្វេសប៊ុក របស់លោក បានបញ្ជាក់ថា លោកមិនបានដឹង នោះទេ ពាក់ព័ន្ធការចេញលិខិត
មួយច្បាប់នេះ ព្រោះថ្ងៃទី២៥ មិថុនា ថ្ងៃដែលចេញលិខិតហាមនេះ ជាថ្ងៃដែលរូបលោកកំពុងចុះ
ពង្រឹងការងារ ជូនគណបក្សប្រជាជន កម្ពុជា នៅឯខេត្តកំពង់ចាម។
បន្ទាប់ពីប្រតិកម្មដ៏ច្រើននេះ មួយថ្ងៃបន្ទាប់ ពោលនៅថ្ងៃទី២៩ ខែមិថុនា ក្រសួងបានចេញលិខិតអនុ-
ញ្ញាតឲ្យវិទ្យុ FM ចាក់ផ្សាយបន្តវិទ្យុបរទេសជាខេមរភាសាឡើងវិញ ហើយ តែគ្រប់ស្ថានីយ៍ទាំងអស់
ត្រូវគោរពតាមបទបញ្ជា ក៏ដូចជាការណែនាំរបស់ក្រសួងព័ត៌មាន ដែលបានចេញក្នុងលិខិតលេខ
៤ ព.ម សណន ចុះ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣។
ក្នុងលិខិតលេខ ៤ ព.ម សណន ដែលចុះហត្ថលេខាផ្ទាល់ដោយលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាន
ណែនាំថា ដើម្បីធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលពីទី៥ ប្រព្រឹត្តទៅបានល្អប្រ
សើរ និងស្របតាមគោល ការណ៍លទ្ធិប្រជាធិបតេយ្យនោះ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវយកចិត្ត
ទុកដាក់អនុវត្តឲ្យបាន ល្អតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
តាមលិខិតនេះ ក្រសួងក៏បានហាមរាល់ការផ្សព្វផ្សាយ ដែលមានចែងក្នុងបទបញ្ជា និងនីតិវិធីសំ
រាប់ការបោះ ឆ្នោត និងត្រូវបញ្ឈប់ការផ្សព្វផ្សាយ និងការផ្សាយបន្តពី បរទេសអំពីការស្ទង់មតិ លទ្ធ
ផល នៃការស្ទង់មតិ ដែល ទាក់ទងនិងដំណើរការបោះឆ្នោត ក្នុងរយៈពេល៥ថ្ងៃមុនពេលបោះឆ្នោត
និងថ្ងៃបោះឆ្នោត។
ក្រសួងក៏បានហាមផងដែរ នូវការផ្សព្វផ្សាយពីសកម្មភាពឃោសនាបោះឆ្នោតអំឡុងពេល ២៤ម៉ោង
មុនថ្ងៃបោះ ឆ្នោត និងថ្ងៃបោះឆ្នោត។
ការអនុញ្ញាតឲ្យផ្សាយបន្តពីវិទ្យុបរទេសជាខេមរភាសាឡើងវិញនេះ ត្រូវបានសាធារណជនទូទៅ
សម្តែងការសាទរយ៉ាងខ្លាំង ហើយក៏ជាការសម្តែងឲ្យឃើញពីការគោរពនូវ សិទ្ធិសេរីភាព នៃការ
បញ្ចេញមតិរបស់កម្ពុជា ដូចដែលកម្ពុជាបានអនុវត្តដ៏ខ្ជាប់ខ្ជួន និងបានល្អប្រសើរតាំងពីដើមមក
នោះ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល