CamNews

ព័ត៌មានជាតិ 

ក្រុមក្មេង ទំនើង៣នាក់ ដេញស្ទាក់ និងទះកំផ្លៀង អ្នកយកព័ត៌មាន ដើមអម្ពិល គ្រាន់តែបើកម៉ូតូវ៉ាទៅមុន

-អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បញ្ជាឲ្យកសាងសំណុំរឿង បញ្ជូនទៅតុលាការ
ចាត់ការ
តាមផ្លូវច្បាប់

ភ្នំពេញ៖ ក្រុមក្មេងទំនើង មិនដែលចូល សាលា៣នាក់ ជិះម៉ូតូ៣គ្រឿង បានប្រើអំពើហិង្សាទៅលើ
អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ទុយ មែន ដោយស្ទាក់ពីមុខម៉ូតូ និងចាប់
ទះកំផ្លៀង ជាច្រើនដៃ បណ្តាលឲ្យរង របួសលើផ្ទៃមុខ ដោយសារតែក្រុមក្មេងពាលទាំងនេះ ខឹង
សម្បារនឹង លោក ទុយ មែន បើកម៉ូតូប្រជែងទៅមុន ។

លោក ទុយ មែន ដែលរងនូវការវាយ និងប្រើអំពើហិង្សា ពីសំណាក់ ក្រុមក្មេងទំនើងទាំងនេះ បាន
និយាយថា នៅវេលាម៉ោង ប្រមាណ៩៖៣០នាទី យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ លោកបានបើក
ម៉ូតូ តែម្នាក់ឯង តាមបណ្តោយផ្លូវ២៧១ ដើម្បីទៅយកព័ត៌មាន រថយន្តបុករបាំងចែកទ្រូងផ្លូវ នៅ
កន្លែងផ្សេង។

ស្រាប់តែជិះជិតដល់ស្តុបណតប្រ៊ីត ក៏ឃើញម៉ូតូ៣គ្រឿង បើកដោយក្មេងទំនើង៣នាក់នេះ នៅពីខាង
មុខ ដោយជិះរេពេញផ្លូវ ហាក់បីដូចជា ផ្លូវទិញដាច់តែម្នាក់ឯង យ៉ាងដូច្នោះ។ លោក ទុយ មែន បាន
បន្តទៀតថា ដោយសារតែប្រញាប់ ទៅយកព័ត៌មាន លោកក៏បានបើកម៉ូតូជែងទៅមុន ស្រាប់តែក្រុម
ក្មេងទំនើង ទាំងនេះស្រែកថា «ហ្អែងខ្លាំងអី ហ៊ានវ៉ាម៉ូតូអញ» ពេលនោះពួកវាក៏ជិះដេញតាមពីក្រោយ
ហើយស្ទាក់ម៉ូតូពីខាងមុខ រួចចុះពីលើម៉ូតូចាប់ទះកំផ្លៀងជាច្រើនដៃតែម្តង។

លោក ទុយ មែន ដែលមានមាឌតូច និងម្នាក់ឯងផងនោះ មិនហ៊ានតបតខ្លាំងនោះ បានត្រឹមតែ ឈ្លោះ
ប្រកែកដោយពាក្យ សម្តីជាមួយគ្នា។ ដោយសារតែមានការឈ្លោះទាស់ទែងគ្នា ដោយពាក្យសម្តីយ៉ាង
ដូច្នេះ នាំឲ្យមានការភ្ញាក់ផ្អើលនោះ ក្រុមក្មេងទំនើងទាំង៣នាក់ បានបើកម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបាន
លោក  ទុយ មែន ជិះម៉ូតូដេញតាមពីក្រោយដើម្បីថតរូប និងថតស្លាកលេខម៉ូតូយកមកចុះកាសែត។

លោកថា ក្រោយជិះម៉ូតូគេចខ្លួន ជនបង្ក២នាក់ បើកម៉ូតូម៉ាកសេ១២៥ពីរគ្រឿង មួយគ្រឿងពាក់ស្លាក
លេខភ្នំពេញ 1BS-1120 ដែលជាជនដៃដល់ បានបើកចូលទៅក្នុងហាង តន្រ្តីខ្មែរ KTV នៅខាងមុខ
កងពលតូច ដឹកជញ្ជូនលេខ៩៩ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យធ្វើព្រងើយតែម្តង ។ ក្រោយ
មានករណីនេះ កើតឡើងទាំងអយុត្តិធម៌ ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានស្វែងរក
អន្តរាគមន៍ភ្លាមៗពីសំណាក់សមត្ថកិច្ច ។

មួយសន្ទុះក្រោមមក នាយនគរបាលប៉ុស្តិ៍កាកាប លោក សាន សែត ដោយទទួលបានបទបញ្ជាពី
លោក អធិការនគរបាលខណ្ឌ ប៊ន សំអាត បានដឹកនាំកម្លាំង នគរបាល មួយចំនួនចុះទៅកាន់ ហាង
ម៉ាស្សាមួយនេះ ហើយធ្វើការឃាត់ខ្លួន ជនបង្កទាំង២នាក់ និងរឹបអូសម៉ូតូ២គ្រឿង យកទៅសួរនាំ
បន្តទៀត ខណៈម្នាក់ទៀតបានរត់គេចខ្លួនបាត់។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់ប្រាប់ពីអត្ត
សញ្ញាណ ជនបង្កខាងលើនេះទេ ខណៈកំពុងសាកសួរបន្តទៀត។

ជាមួយគ្នានេះ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត បានបញ្ជាឲ្យកម្លាំងសមត្ថ
កិច្ច របស់លោកបញ្ជូនជនទាំង២នាក់នេះ ទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយគ្មានការយោគ
យល់នោះឡើយ។

តាមការឲ្យដឹងពីសមត្ថកិច្ច ជនបង្កទាំង២នាក់នេះ គឺជាអ្នកបើករថយន្តឲ្យលោកជំទាវ ជាប្រពន្ធលោក
ឧត្តមសេនីយ៍ម្នាក់ ពាក់ផ្គាយ៣ ក្នុងជួរទាហាន ។

ប៉ុន្តែចំពោះករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមធ្វើការអំពាវនាវ ដល់សមត្ថកិច្ច ចាត់ការ
តាមផ្លូវ និងតឹងរឹងបំផុត ដាច់ខាតមិនត្រូវដោះលែង ជនបង្កនោះទេ៕

Photo by DAP-NEWS

ក្មេងទំនើងត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈកំពុងចូលនៅក្នុងហាងម៉ាស្សាខាងលើ

Photo by DAP-NEWS

Photo by DAP-NEWS

ក្មេងទំនើងម្នាក់នេះ ឈរច្រត់ចង្កេះ សម្តែងឫកពារថា គ្មានបញ្ហា គួរឲ្យខ្លាច ត្រឹមសមត្ថកិច្ចចាប់ខ្លួន

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ម៉ូតូរបស់ក្រុមក្មេងទំនើង និងសមត្ថកិច្ច នៅពេលចូលទៅក្នុងហាងម៉ាស្សា

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ