CamNews

ព័ត៌មានជាតិ 

បាញ់សាកល្បង BM-21 និងកាំភ្លើងធំ ១៣០ ម.ម ជាច្រើនគ្រាប់ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញៈ កងទ័ពកម្ពុជានឹងធ្វើលំហាត់បាញ់គ្រាប់ពិត BM-21 និងកាំភ្លើងធំ១៣០ម.ម ជាច្រើនគ្រាប់
នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០១៣ ដើម្បីពង្រឹង
សមត្ថភាពរបស់ខ្លួន។

លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ បានថ្លែងឲ្យដឹងតាមលិខិតជូនដំណឹងមួយច្បាប់ថា រយៈពេល២ថ្ងៃ
ដើមខែមេសា នឹងមានការ បាញ់គ្រាប់កាំភ្លើងពិតកាំភ្លើងប្រតិកម្ម BM-21 និងកាំភ្លើងធំ ១៣០ម.ម
រយៈចម្ងាយឆ្ងាយនៅតំបន់ÀCO ស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ មកតំបន់ភ្នំចង្អោធំ ជាប់ព្រំប្រទល់ស្រុក
បសេដ្ឋ ស្រុក ភ្នំស្រួច និងស្រុកសំរោងទង។

ឧត្តមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន នៅក្នុងលិខិតនោះ បានអំពាវនាវឲ្យសាធារណជនទូទៅ
ដែលរស់នៅ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់កណ្តាល និង ខេត្តតាកែវ កុំមានការភ្ញាក់
ផ្អើលរាល់សំឡេងស្នូរ នៃកាំ ភ្លើង ព្រមទាំងហាមឃាត់ការហោះហើរឆ្លងកាត់តំបន់ខាងលើជាដាច់
ខាត។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ទៀ បាញ់ ធ្លាប់បានមានប្រសាសន៍
កាលពីពេល កន្លងទៅថា ការបាញ់នេះវាមិនមែនជាការចម្លែកនោះទេ គ្រាន់តែជាការអនុវត្តន៍ជាក់
ស្តែងរបស់កងទ័ព។

លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា «ធំបំផុតពេលដែលយើងបានហ្វឹកហ្វឺន រៀននូវបច្ចេកវិទ្យាថ្មី យើងត្រូវតែមានការអនុវត្តន៍ជាក់ស្តែង។ បើតាមខ្ញុំដឹងទាក់ទងនឹងប្រភេទអាវុធខ្លះ យើងត្រូវតែប្រើ
ប្រាស់វាពិតប្រាកដ វានឹងផ្តល់ ភាពជឿជាក់អំពីអនុភាពរបស់វា»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានថ្លែងក្នុងពិធីបិទវគ្គជំនាន់
ទី១ នៅវិទ្យាស្ថានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ថា ការហ្វឹកហ្វឺនតាមបណ្តាកង
ឯកភាពត្រូវធ្វើឲ្យ បានជាប់ជាប្រចាំ ដើម្បីរំលឹក និងសាកល្បងមុនការប្រយុទ្ធ ឬបំពេញបេសកកម្មអ្វី
មួយនិងជាសកម្មភាពអនុវត្ត ជាក់ស្តែងនៅលើភូមិសាស្រ្ត ដែលអង្គភាពនីមួយៗទទួលខុសត្រូវ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ