ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវរងរបួសបែក ក្បាល ខណៈដែលក្រុមចោរ ប្លន់ប្រដាប់អាវុធមានគ្នា
២នាក់ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ធ្វើសកម្មភាព បាញ់១ គ្រាប់ និងវាយ
ជនរងគ្រោះ ដោយស្នាប់កាំភ្លើង បណ្តាលរងរបួស រួចប្លន់យកម៉ូតូនិច អស់មួយគ្រឿង កាល
ពីវេលាម៉ោង ២២ និង ១០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅមុខ រដ្ឋសភា
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សមត្ថកិច្ចមូល ដ្ឋានបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះមានឈ្មោះព្រាប បញ្ញា ភេទប្រុស
អាយុ ២៣ ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ១៩៥ ផ្លូវលេខ១១៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា
បានជិះម៉ូតូមួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១BQ-6093 ធ្វើដំណើរឆ្លង
កាត់ តាមបណ្តោយ ផ្លូវមុខរដ្ឋសភា ខណៈនោះ ស្រាប់តែមានជនសង្ស័យ ២នាក់ ប្រដាប់
ដោយកាំភ្លើងខ្លី ១ដើមមិនស្គាល់ម៉ាក ជិះម៉ូតូមួយគ្រឿង ម៉ាកស្តុបពី ពណ៌ផ្តាឈូក មកក្បែរ
ជនរងគ្រោះ ហើយបានកៀរឈ្មោះព្រាប បញ្ញាឲ្យឈប់រួចបានដកកាំភ្លើងខ្លីពីចង្កេះភ្ជង់គំរាម
ទារយកម៉ូតូពីជនរងគ្រោះ ។ ភ្លាមៗនោះក៏មានការ ប្រតាយប្រតប់គ្នា រវាងចោរប្លន់និងម្ចាស់
ម៉ូតូ រហូតធ្វើឲ្យក្រុម ចោរទ្រាំមិនបានបាញ់ មួយគ្រាប់ឡើងលើមេឃ និង បានយកកាំភ្លើង
វាយក្បាលជនរងគ្រោះបណ្តាលឲ្យបែក រងរបួសហូរឈាម ហើយក្រុមចោរប្លន់បានដណ្តើម
យកម៉ូតូជិះរត់គេចខ្លួនបាត់អស់ ក្រោយកើតហេតុ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើល ខាងលើនេះ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ បានចុះមក
អន្តរាគមន៍ដល់ កន្លែងកើតហេតុបានត្រឹមហៅឲ្យ ជនរងគ្រោះ ទៅដាក់ ពាក្យបណ្តឹងតែ
ប៉ុណ្តោះ ព្រោះដោយសារក្រុមចោរប្លន់ ជិះម៉ូតូទៅបាត់ជិត ១ម៉ោង ទើបឃើញវត្តមានសមត្ថ
កិច្ចចុះមក ។ បច្ចុប្បន្នជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅទីស្នាក់ ការ នគរបាលទន្លេបា
សាក់ ដើម្បីឲ្យសមត្ថកិច្ចងាយស្រួល ក្នុងការតាមចាប់ខ្លួនជនសង្ស័យ យកមក ផ្តន្ទាទោស
តាមផ្លូវច្បាប់។ ទាក់ទិននិងករណីនេះ សមត្ថកិច្ចមិនហានសន្និដ្ឋានថា ជាករណីប្លន់ដូចការ
រៀបរាប់របស់ជនរងគ្រោះនោះទេ ព្រោះកំពុងស្ថិតក្នុងការសួរនាំចម្លើយ របស់ជនរងគ្រោះ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល