ភ្នំពេញ៖ គ្រោះអគ្គិភ័យឆេះរោងចក្រ កាត់ដេរសម្លៀក បំពាក់ឆាងស៊ឹង នាព្រឹកព្រលឹមថ្ងៃចន្ទ នេះមិនត្រឹមតែរោងចក្រ និងសម្ភារៈតម្លៃ រាប់សិបម៉ឺនដុល្លារ ត្រូវបានបំផ្លាញ ទាំងស្រុងនោះទេ បុរសម្នាក់ សង្ស័យថា ជាជនជាតិចិន ក៏ត្រូវបានភ្លើងឆេះខ្លោចយ៉ាងអាណោចអាធមផងដែរ ខណៈមនុស្ស២នាក់ បានរងរបួស។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសស្លាប់ក្នុងគ្រោះអគ្គិភ័យនេះ មានឈ្មោះ យ៉ាង អាយុ ៤២ឆ្នាំ ជាប្រធានផ្នែក ពិនិត្យលទ្ធផលសម្រេច ។
សូមបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ចាងសឹង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ទំហំ ១០០គុណនឹង៥០ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះតាំងពីវេលាម៉ោងប្រមាណ ៤ និង១០នាទីទៀប ភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវបានបាញ់ពន្លត់ទៅវិញនៅវេលាម៉ោងប្រមាណជា៩ព្រឹកថ្ងៃដដែល។
ទោះបីជាមានការជួយអន្តរាគមន៍ យ៉ាងញាប់ដៃញាប់ជើងពី កងកម្លាំងពន្លត់អគ្គិភ័យ របស់អង្គភាព ៧១១ នៃកង ពលតូចលេខ៧០ និងកម្លាំងនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ តែការឆាបឆេះបាន ឆេះបំផ្លាញរោងចក្រ និង ទ្រព្យសម្បត្តិក្នុងរោងចក្រ អស់ទាំងស្រុង ដែលសរុបជាទឹកប្រាក់ មានតម្លៃរាប់សិបម៉ឺនដុល្លារ។
គ្រោះអគ្គិភ័យ ក៏បានឆាបឆេះរាលដាល ទៅផ្ទះជួលនៅក្បែរៗនោះ អស់ជាច្រើនផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល