បើទោះជាកើតមក មានជម្ងឺខ្វិនពីកំណើត ដោយក្បាលបត់ផ្ងារទៅខ្នង ប៉ុន្ដែ លោក Claudio
Vieira de Oliveira នៅតែជំនះរាល់ទុក្ខលំបាក ដើម្បីក្លាយជាមនុស្សមានប្រយោជន៍ក្នុងសង្គម។
លោក Claudio Vieira de Oliveira បច្ចុប្បន្ន មានអាយុ ៣៧ឆ្នាំ រស់នៅក្នុងទីប្រជុំជន Monte
Santo ប្រទេសប្រេហ្សីល។ បុរសរូបនេះ មានវិការភាព ដោយសារក្បាលគាត់បត់មកក្រោយ
តាំងតែពីកំណើត ធ្វើឱ្យគាត់មានរូបរាងខុសពីមនុស្សដទៃ។ កាលពីនៅតូច ព្រោះតែរាងកាយ
មានសភាពទន់ខ្សោយ គាត់មិនអាចប្រើដៃរបស់ខ្លួន ធ្វើអ្វីបាននោះទេ ដូច្នេះ គាត់ត្រូវប្រើមាត់
មកជំនួស។ ដល់វ័យ ៨ឆ្នាំ ទើប Claudio ចាប់ផ្ដើមរៀនដើរ ដោយប្រើក្បាលជង្គង់ (មុននោះ
គាត់ត្រូវការអ្នកបី)។ បច្ចុប្បន្ន គាត់អាចដើរបាន ដោយជើងទាំងពីរ ដោយពឹងទៅលើស្បែក
ជើងដែលគេបានរចនាជាពិសេស សម្រាប់គាត់។
កាលពីទើបកើត គ្រូពេទ្យមិនសង្ឃឹមថា Claudio អាចមានជីវិតតទៅទៀតនោះទេ ដោយសារ
តែគាត់មានសុខភាពខ្សោយខ្លាំងពេក។ ក៏ប៉ុន្ដែ Claudio បានយកឈ្នះលើមច្ចុរាជ ហើយគាត់
អាចធ្វើអ្វីៗបាន ដោយខ្លួនឯង ដូចជា បើកទូរទស្សន៍ កាន់ប្រើទូរស័ព្ទ ឬប្រើប្រាស់អ៊ីនធឺរណែត
និង កុំព្យូទ័រ ។ល។ ហើយមកដល់ពេលនេះ គាត់ក៏ក្លាយជាវាគ្មិនដ៏អស្ចារ្យមួយរូប។
ផ្ទុយទៅនឹងរូបរាងខាងក្រៅ Claudio មានភាពជឿជាក់លើខ្លួនឯង គាត់មិនខ្លាចនឹងការចេញ
ដើរលេងនៅខាងក្រៅ និងថែមទាំងហ៊ានច្រៀង រាំ ទៀតផង។ Claudio ថ្លែងថា ៖ “ពេញមួយ
ជីវិត ខ្ញុំអាចសម្របខ្លួនទៅតាមពិភពលោក។ សូម្បីតែពេលនេះ ខ្ញុំឃើញថា ខ្លួនឯងមិនមាន
ខុសប្លែកពីអ្នកដទៃ ព្រោះខ្ញុំក៏ដូចទៅនឹងមនុស្សឯទៀត។ ខ្ញុំមិនយល់ថា អ្វីៗទាំងអស់ បាន
ត្រឡប់បញ្ច្រាស់នោះឡើយ”។
លោក Claudio Vieira de Oliveira ថតជាមូយក្រុមគ្រួសារ កាលពីឆ្នាំ ២០១៣
បច្ចុប្បន្ន លោក Claudio Vieira de Oliveira ជាវាគ្មិនល្បីឈ្មោះម្នាក់ នៅប្រេហ្សីល
សូមបញ្ជាក់ថា តាមការពិនិត្យរបស់គ្រូពេទ្យ លោក Claudio កើតជម្ងឺដ៏កម្រមួយ ដែលមាន
ឈ្មោះថា ជម្ងឺរួញសន្លឹកឆ្អឹងពីកំណើត បណ្ដាលឱ្យសន្លាក់ដៃ ជើង ឬ ក មិនអាចរីកចម្រើនដូច
ធម្មតា។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mirror/Youtube