ភ្នំពេញ ៖ នៅវេលាម៉ោង៩ និង៣០នាទីនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ គណៈកម្មការចម្រុះ នៃសាលាខណ្ឌមានជ័យ ដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌមានជ័យ, លោកហួយ វីរៈ នាយករងសាលាខណ្ឌ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានដឹកនាំកម្លាំងចុះរួមមាន នគរបាលខណ្ឌនិងបុស្តិ៍ កងរាជអាវុធហត្ថខណ្ឌ បានចុះមកបិទផ្ទះសំណាក់យីហោ រស្មីឋានសួគ៌ និងឋានសួគ៌ក្លឹប ដែលមានទីតាំងស្ថិតនៅផ្ទះលេខ០១ដេ ក្រុមទី៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
គួររំលឹកផងដែរថា ផ្ទះសំណាក់រស្មីឋានសួគ៌នេះ តែងតែមានរឿងអាស្រូវជាច្រើនករណី ជាក់ស្តែងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥កន្លងមកនេះ កងកម្លាំងមានសមត្ថកិច្ចរួមមាន នគរបាលយុត្តិធម៌ការិយាល័យ ប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបជាក់ស្តែង និងរកឃើញអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានចំនួន១១នាក់។
បើតាមអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានបញ្ជាក់ថា ផ្ទះសំណាក់រស្មីឋានសួគ៌នេះ ត្រូវបានតុលាការ ចុះមកបិទអាជីវកម្មបណ្តោះអាសន្ន ចំនួន ៥លើករួចមកហើយ ។ មហាជនមានចម្ងល់ថា ហេតុអ្វីបានជាការបិទអាជីវកម្ម ផ្ទះសំណាក់រស្មីឋានសួគ៌ ដែលជាសំបុកសម្រាប់សេព និងចែកចាយគ្រឿងញៀន បិទមិនជាប់ចឹង ?៕