CamNews

ព័ត៌មានជាតិ 

ក្មេងស្រី​ ជាពលការិនី ២នាក់​ ត្រូវឈ្មួញថៃ ចាប់រំលោភ បានសម្រេច

បន្ទាយមានជ័យ៖ ពលការិនីខ្មែរចំនួន២នាក់ ក្នុងចំណោម៦នាក់ ដែលទៅសុីឈ្នួល នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានក្រុមមេខ្យល់ជាជនជាតិថៃ ០៣នាក់ ចាប់បង្ខំយក ទៅចាប់រំលោភ នៅក្នុងផ្ទះសំណាក់មួយ រហូតបានសំរេចរួចគេចខ្លួន។

យោងតាមសម្តី លោក នេត្រ សេរី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានឲ្យមជ្ឈមណ្ឌលដើមអម្ពិល ឲ្យដឹងថា នារីរងគ្រោះទាំងពីរនាក់ គឺសុទ្ធសឹងតែមានវ័យក្រោម ២០ឆ្នាំ ហើយរស់នៅក្នុងខេត្តព្រៃវែង។ នារី រងគ្រោះទាំងពីរ ត្រូវបានកម្លាំងតម្រួតថៃ ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកនាង បានចាក់ចេញពីផ្ទះសំណាក់។ការឃាត់ខ្លួនពួកនាងរងគ្រោះ ដោយសារតែឆ្លងដែន ទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ ក្រោយឃាត់ ខ្លួននារីរងគ្រោះទើបដឹងថា ពួកនាងត្រូវបានយុវជនជាមេខ្យល់ជនជាតិថៃ ចាប់បង្ខំរូបនាងយកទៅរំលោភ ហើយ គេចខ្លួន។

លោក នេត្រ សេរី បន្តថា បន្ទាប់ពីនាងបានប្រាប់ដូច្នេះ លោកក៏បានសុំការសហការ ជាមួយនិងប៉ូលិស ទាហាន តម្រួតថៃចុះស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យទាំងបីនាក់នោះ នៅថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ ដែលជន សង្ស័យទី១ មានឈ្មោះ ផើម ខាំងីន អាយុ ៣០ឆ្នាំ ទី២ ឈ្មោះ ណា ណាត់កន អាយុ ៣១ឆ្នាំ និងទី៣ ឈ្មោះ ថៃ ណង អាយុ ៣៣ឆ្នាំ អ្នកទាំងបី រស់នៅក្នុងខេត្តស្រះកែវ។

ជនសង្ស័យបានសារភាព នៅចំពោះមុខសមត្ថកិច្ចថៃ និងអគ្គកុងស៊ុលកម្ពុជាថា ពួកគេពិតជាបានប្រព្រឹត្ត ដូច ការចោទប្រកាន់មែន ដោយដំបូងពួកគេ បានហៅពួកនាង៦នាក់ ឡើងជិះរថយន្តជាមួយ ខណៈក្រុមនាង ចេញពីធ្វើការ ដោយប្រើលេសថា និងហៅឲ្យតម្រួតចាប់ខ្លួនបើមិនឡើង លុះជិះមកដល់ពាក់កណ្តាលផ្លូវ ក៏បង្ខំ ឲ្យនារី៤នាក់ ចុះចេញពីរថយន្ត ដោយទុកតែពីរនាក់យកទៅរំលោភ។

លោកបន្តបញ្ជាក់ថា នារីរងគ្រោះកំពុងត្រូវបាន យកចិត្តទុកដាក់ពីក្រុមការងារ កុងស៊ុលកម្ពុជា ហើយក៏សំរាក នៅទីនោះផងដែរ ដោយរង់ចាំការកាត់ក្តី របស់តុលាការថៃ ទើបឲ្យវិលត្រឡប់ទៅលំនៅឋានវិញ៕

Photo by DAP-News


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news