ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បន្ទាប់ពីប្តី ស្លាប់ចោល បានបីថ្ងៃ មិនដឹងរកស៊ីអីចិញ្ចឹមកូន តុក
សិចដុតផ្ទះរបស់ខ្លួន ឆេះអស់ ទាំងយប់ ដោយសារតែការពិបាក ចិត្តសុញគំនិត កាលពីវេលា
ម៉ោង៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិ/សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ។
លោក ចាន់ សុភី នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានឲ្យដឹងនៅ ថ្ងៃទី០៣
ខែកញ្ញា ឆ្នាំ២០១៣នេះថាស្ត្រីដែលដុតផ្ទះខ្លួនឯងចោល មានឈ្មោះយិន លាភ អាយុ៤៤ឆ្នាំមាន
ប្រុសស្រីក្នុងបន្ទុកចំនួន៥នាក់ប្តីរបស់គាត់បានស្លាប់ចោលកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣
កន្លងទៅ។
លោក ចាន់ សុភីបានឲ្យដឹងថា ផ្ទះដែលឆេះមានទំហំ ៥គុណ ៦ម៉ែត្រ សង់ពីឈើ ប្រក់ស្បូវផ្ទះ
របស់ស្ត្រីយិន លាភ នេះគឺជាផ្ទះ ដែលសង់លើដីគេឲ្យនៅ។ លោកបន្ត មុនកើតហេតុស្រ្តីរូបនេះ
មានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរព្រោះប្តីរបស់គាត់ស្លាប់ចោលហើយបន្ទុកគ្រួសាររកស៊ីចិញ្ជឹកជីវិតកូន
ចៅធ្លាក់មកលើគាត់ទទួលខុសត្រូវ ហើយគាត់ត្រូវបងប្អូន សាច់ញាតិនៅខេត្តបាត់ដំបងហៅឲ្យ
ទៅ នៅជាមួយដោយមិនដឹងយកផ្ទះទៅណាបានគាត់ដុតចោលតែម្តង។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីម្នាក់នេះ
បានពពាយនាយលក់ផ្ទះរបស់គាត់ក្នុងតម្លៃ ២០ម៉ឺនរៀលដើម្បីយកប្រាក់ទិញអង្ករដាំបាយឲ្យកូន
ហូបនិងធ្វើសោហ៊ុយ នាំកូនទៅរស់នៅ ឯខេត្តបាត់ដំបង តែគ្មានអ្នកទិញទើបស្រ្តីរូបនេះ ដុតផ្ទះ
ចោលតែម្តងព្រោះមិនដឹងលើកទៅណាបាន៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល