CamNews

ព័ត៌មានជាតិ 

សង្ស័យគំនុំ ផ្ទាល់ខ្លួន លើកបក្ខពួកមក ដេញបាញ់គ្នា ទាំងព្រឹក

ភ្នំពេញ៖ ក្រុមក្មេង ទំនើងពីរក្រុម សង្ស័យសងសឹក គំនុំចាស់ បាននាំគ្នាបក្ខពួក មកជិះម៉ូតូដេញ
បាញ់ គ្នាទាំងព្រឹក នៅតាមផ្លូវលេខ១៨៤ ក្បែរប៉ុស្តិ៍ នគរបាលផ្សារថ្មីទី២ ខណ្ឌដូនពេញ បង្កឲ្យមាន
ការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន តែពុំបណ្តាលឲ្យនរណាម្នាក់ រងរបួស ឫ
រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្នូរគ្រាប់កាំភ្លើងជាង១០គ្រាប់ត្រូវបាន ក្រុម
ក្មេងទំនើងបាញ់គ្នា ដូចរឿង ចិនហុងកុង កាលពីវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ
២០១៣នេះ សង្ស័យសងសឹកគំនុំចាស់់។ បើតាមសេចក្តីរាយការណ៍  ក្រោយពេលកើតហេតុ ខណៈ
ភាគីម្ខាងទំនង បាញ់អស់គ្រាប់ បានភ្ជង់បុរសម្នាក់ ខណៈកំពុងជិះម៉ូតូ ម៉ាកសង់ប្រើប៊ិច ពាក់ស្លាក
លេខភ្នំពេញ 1BI-1114 រួចហើយយកម៉ូតូនោះ ជិះគេចខ្លួន បាត់ទៅ ។

យ៉ាងណាក៏ដោយ ក្រុមក្មេងទំនើងទាំងនោះ បានបន្សល់ទុកម៉ូតូ មួយគ្រឿង នៅកន្លែងកើតហេតុ
ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-1297 ហើយត្រូវបានសមត្ថកិច្ច យកទៅរក្សា
ទុក ដើម្បីធ្វើការស្រាវជ្រាវ តាមក្រោយ។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ដែលចុះទៅ ជួយអន្តរា
គមន៍ភ្លាមៗ នៅកន្លែងកើតហេតុនោះ បានប្រមូល គ្រាប់កាទូសចំនួន១៣ គ្រាប់ដែល ក្រុមក្មេង
ទំនើងបានបាញ់គ្នាបន្សល់ទុក ។

នេះជាសកម្មភាព ក្រុមក្មេងទំនើង ដេញបាញ់គ្នាដូចរឿងចិនហុងកុង ម្តងទៀតហើយ និងត្រូវគេដឹង
ថា ក្រុមក្មេងទំនើងទាំងនោះ ជាកូនអស់លោកអ្នកធំ និងមានអំណាច ប៉ុន្តែប្រជាពលរដ្ឋ មានជំនឿ
យ៉ាងមុតមំាថា កម្លាំងនគរបាល ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងកម្លាំងអាវុធ
ហត្ថ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង នឹងតាមចាប់ ក្រុមជនល្មើសទាំងនេះ ដែលបង្ក
ការអុកឡុក នៅក្នុងសង្គម នាំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ជាពិសេស ត្រូវអនុវត្ត ឲ្យបានតាម
បទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ