CamNews

ព័ត៌មានជាតិ 

ចិនដីគោកម្នាក់ បើករថយន្តលឿនជ្រុល បុកបង្គោលភ្លើង និង របងសាលា តិចណូ ក្រឡាប់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរដ៏រន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង ២និង៤៨ នាទី ទៀបភ្លឺ ថ្ងៃទី ២៤ កក្កដា ២០១៤ នៅចំណុចមុខ មន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក  បណ្ដាលឲ្យជនបរទេសម្នាក់ ស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើករថយន្ត ទៅបុកបង្គោលភ្លីងហើយក្រឡាប់ ។

សាក្សីឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនខាងលើ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ មួយគ្រឿង ភ្នំពេញ 2Q-2118 ធ្វើដំណើរយ៉ាងលឿន តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុច មុខមន្ទីរពេទ្យកុមារជាតិ រថយន្តបានបើកគេចម៉ូតូមួយគ្រឿង ហើយបានជ្រុលចង្កូត ទៅបុកបង្គោលភ្លើង បាក់រាបដល់ដី រួចក៏បានជ្រុល ទៅបុករបងសាលាតិចណូ និងបានជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកផ្ទប់នឹងដើមគ្រាប់បែក បណ្តាលឱ្យក្រឡាប់រថយន្តកៀប អ្នកបើកស្លាប់ក្នុងរថយន្តតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍បានទៅធ្វើការវាស់វែង ហើយបានស្គាល់អត្តសញ្ញាណជនរងគ្រោះ គឺជាជនជាតិចិនដីគោក ឈ្មោះ យ៉ាង យ៉ាង អាយុ ៣២ឆ្នាំ ធ្វើការនៅ ក្រុមហ៊ុនភ្នំពេញ ម៉ូតូហាស៊ី ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news