CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល នាខេត្តបាត់ដំបង

បាត់ដំបង៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៥នេះ បានយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលបានប្រា រព្ធធ្វើឡើងនាខេត្តបាត់ដំបង ជាខេត្តជង្រុកស្រូវដ៏ធំជាងគេនៅកម្ពុជា។

នៅក្នុងព្រះរាជពិធី ដែលជាការដាស់ស្មារតីដល់ប្រជាកសិករខ្មែរថា រដូវបង្កបង្កើនផលឈានចូលមកដល់នោះ ក៏ មានការអញ្ជើញចូលរួមផងដែរ ពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋសភា ព្រឹទ្ធសភា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រះរាជ វង្សានុវង្ស មន្រ្តីអង្គទូតតំណាងបណ្តាប្រទេសនានា មន្រ្តីរាជការ និង ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង យ៉ាងច្រើនកុះករ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនាដឹកដីខេត្តបាត់ដំបងឆ្នាំ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ត្រូវបានព្រះមហា ក្សត្ររា ជានុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យធ្វើជាតំណាងរបស់ព្រះអង្គកាន់នង្គ័លទី២ ឬហៅថា ស្តេចមាឃ ឬឯភរិយារបស់ លោក ជាព្រះមេហួ។ ដោយឡែកនង្គ័លទី១ តំណាងឲ្យវិស័យកសិកម្ម កាន់ដោយលោក លី ផល្លា រដ្ឋលេខាធិការ ក្រសួង កសិកម្ម ខណៈលោក កែវ សិរីវុធ គណៈកម្មការបុណ្យជាតិ កាន់នង្គ័លទី៣ តំណាងព្រះបរមរាជវាំង។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនាព្រឹកនេះ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារឹក ដោយការតុបតែងលំអរយ៉ាង ស្រស់ស្អាតនៅលើវាលព្រះស្រែត្រូវបានដាំស្មៅយ៉ាងខៀវស្រងាត់ រីឯនៅបរិវេណជុំវិញ ក៏មានការសាងសង់រោង ពិព័រណ៍ផលិតផលនានានៅក្នុងខេត្តផងដែរ។ ក្រៅពីព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅពេលរាត្រី ក៏មានពិធីបង្ហោះ គោម បាញ់កាំជ្រួច និង ប្រគំតន្រ្តី បង្កភាពសប្បាយរីករាយជូនពលរដ្ឋក្នុងខេត្តបាត់ដំបង ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល មានមកតាំងពីបុរាណកាល តាំងពីក្នុងសម័យនគរភ្នំ (ហ្វូណន) និង ក្នុងសម័យនគរធំ (យសោធរបុរៈ) តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សងមើលប្រថ្នូលរបស់ស្រុកទេស ជាពិសេសផ្សងចង់ ដឹងទៅលើទិន្នផលកសិផល ទៅតាមការ ស៊ីផឹក របស់ «គោឧសភរាជ»។

គោ ១នឹម  ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ ២ នឹមទៀត ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។

«គោឧសភរាជ»  ក្នុងវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿង គឺពាក់ស្រោមមុខស្រោមស្នែង និងពាក់សំ ពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះ មានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌មាស។ នៅត្រង់កនាគមានភូ ធ្វើពីរោមសត្វសម្បុរ បែបភូទួន។

ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះ នង្គ័លនោះ ឱ្យស៊ីផឹកអាហារ ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ ។

ពេលសូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹក មន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង ៧យ៉ាង។ នៅពេលគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗទេ កាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ រីឯទំនាយមិនជាការប្រាកដប៉ុន្មានទេ គឺថាបើព្រះគោស៊ីអ្វី ក៏ទាយថា ក្នុងឆ្នាំនេះរបស់នោះសំបូរប្លែក តែបើស៊ី ស្មៅទាយថា និងកើតជំងឺគោ បើផឹកស្រានឹងកើតមនុស្សពាល ចោរលួច ចោរប្លន់ជាច្រើន។

លំដាប់នោះ ស្ដេចមាឃ និង មេហួ ចូលទៅថ្វាយបង្គំព្រះទេវរូបនៅក្នុងរោងមណ្ឌលទិសខាងកើត «ជាទីតាំងព្រះកច្ចាយនទេវរូប» នោះពួកបារគូ ក៏ចូលផ្លុំស័ង្ខ ព្រះរាជគ្រូយកទឹកមន្ដ ប្រោះព្រំឱ្យអ្នកទាំងពីរ ព្រមទាំងឱ្យស័ព្ទសាធុ ការពរ ឱ្យបានប្រកបដោយសេរីសួស្ដីនូវសេចក្ដីសុខ មហាប្រសើររៀងទៅសម្រាប់ប្រទេសជាតិ និង ប្រជាពលរដ្ឋ ខ្មែរ ហើយព្រះរាជពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានបិទបញ្ចប់៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong