វិឡាដ៏ស្កឹមស្កៃ ដែលស្ថិតនៅក្នុងផ្ទៃដីទំហំ ១,៩៥០.៩៦ ម៉ែត្រការ៉េ ដែលប្រតិស្ថាន នៅក្នុងរដ្ឋ South Florida គឺជាលំនៅឋានឆ្ងាយមាត់សមុទ្រ ដ៏មានតម្លៃថ្លៃបំផុត នៅឆ្នេរ Delray Beach ហើយតម្លៃលក់ ១៩ លានដុល្លារអាមេរិកនៃវិឡាដ៏ទំនើបស៊ីវិល័យនេះ ធ្វើឱ្យលំនៅឋាននេះ ជាប់ចំណាត់ថ្នាក់តម្លៃលក់កំពូលប្រចាំទីក្រុង ក្នុងរយៈពេល៣ ឆ្នាំ នេះបើយោងតាមការឱ្យដឹងរបស់គេហទំព័រអចលនវត្ថុ MLS ។
ភ្នាក់ងារចុះបញ្ជីអចលនទ្រព្យលោកស្រី Senada Adzem បានប្រាប់ CNBC ថា ៖ “ រចនាបថរស់នៅបែបកន្លែងលំហែកាយនេះ គឺជាកម្លាំងជំរុញដ៏មានសក្ដានុពល នៅក្នុងទីផ្សារលំនៅឋានប្រណីតលំដាប់អភិជន ។ មនុស្សកំពុងគិតពិចារណាឡើងវិញអំពីរបៀបរស់នៅរបស់ពួកគេ ពោលគឺបំពេញចំណង់ចំណូលចិត្ដ និងតម្រូវការរបស់ពួកគេ អំឡុងពេលរីករាលដាលនូវជំងឺកូវីដ ១៩ “។
អចលនទ្រព្យ ដែលគេស្គាល់ថា Rockybrook estate ត្រូវបានចុះបញ្ជីដំបូងទីក្នុងតម្លៃ ២២.៥ លានដុល្លារអាមេរិក កាលពីខែឧសភា នៅពាក់កណ្ដាលទីនៃការរីករាលដាលជំងឺកូវីដ ១៩ ។ លោកស្រី Adzem និយាយថា វត្ដមាននៅខែដំបូងលើទីផ្សារអចលនទ្រព្យរបស់វា លំនៅឋានបែបទំនើបនេះ មានតែភ្ញៀវចូលទស្សនាតិចតួចប៉ុណ្ណោះ ដោយសារតែជំងឺ កូវីដ ១៩ ។ តម្លៃលក់ ត្រូវបានបញ្ចុះមកត្រឹម ២១.៩ លានដុល្លារ មុនពេលសម្រេចលក់ក្នុងតម្លៃ ១៩ លានដុល្លារ នៅដើមខែនេះ ។
យោងតាមគេហទំព័រ MLS តម្លៃលក់លំនៅឋានខ្ពស់បំផុតកាលពីឆ្នាំមុន នៅឆ្នេរ Delray Beach គឺ ១៧ លានដុល្លារអាមេរិក នៅលើដងវិថី 9200 Rockybrook Way ដែលគេស្គាល់ថា The Sundara estate ។ លំនៅឋាន ដែលសង់លើផ្ទៃដីទំហំ ១,៦៧២.២៥ ម៉ែត្រការ៉េមួយនេះ ក៏ត្រូវបានលក់ដោយលោកស្រី Adzem ផងដែរ ដែលក្រុមលក់របស់លោកស្រី បានបិទបញ្ជីលក់ក្នុងប្រាក់ចំណូល ២០០ លានដុល្លារអាមេរិក អំឡុងពេលរីករាលដាលជំងឺកូវីដ ១៩ ដែលជាឆ្នាំបង្កើតប្រាក់ចំណូលលក់ខ្ពស់បំផុតរបស់ក្រុមអ្នកស្រី នេះបើយោងតាមក្រុមហ៊ុនឈ្មួញកណ្ដាលផ្នែកលក់អចលនទ្រព្យ Douglas Elliman ។
លំនៅឋានលំដាប់ខ្ពស់ Rockybrook មានបន្ទប់គេង ៧ និងបន្ទប់ទឹក ១៤ ដែលស្ថិតនៅលើផ្ទៃដីសហគមន៍ឯកជន Stone Creek Ranch ទំហំ ១០១១៧.១ ម៉ែត្រការ៉េ ។ លំនៅឋាននេះ ស្ថិតនៅភូមិផងរបងជាមួយលំនៅឋានផ្សេងទៀត ចំនួន ៣៧ លំនៅឋាន ហើយលំនៅឋាននេះ ស្ថិតនៅចម្ងាយប្រហែល ២០ ម៉ាលយ៍ ពីឆ្នេរ Palm Beach ប៉ែកខាងត្បូង និង ៥០ ម៉ាលយ៍ពីទីក្រុង Miami ប៉ែកខាងជើង ។
តស់ មកទស្សនា ភាពស៊ីវិល័យនៃវិឡាដ៏ស្កឹមស្កៃ និងប្រណីតនេះ ទាំងអស់គ្នា ៖
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ CNBC