CamNews

ព័ត៌មានជាតិ 

ពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៣នេះ គោឧសភរាជ សោយពោត តែមួយមុខ ប៉ុណ្ណោះ

កំពង់ចាម៖ ក្នុងព្រះរាជពិធីច្រត់ ព្រះនង្គ័ល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣នេះ ដែលប្រារព្ធធ្វើ
ឡើង នៅ ពហុកីឡដ្ឋាន ខេត្តកំពង់ចាម គោឧសភរាជ បាន សោយពោតច្រើនជាងគេ ក្នុងចំណោម
អាហារ៧មុខ។

បន្ទាប់ពីការភ្ជួររាស់ និងសាបព្រោះស្រូវ ពោត សណ្តែក ល្ង ជានិមិត្តរូប ចំនួន ៣ជុំ នៅវាលព្រះស្រែ
ក្នុងទីលានបាល់ទាត់ ទីរួមខេត្តកំពង់ចាម ក្រុម អ្នករៀបចំពិធី បានដឹកគោឧសភរាជ ( គោបារបស់
ព្រះមហាក្សត្រ ) ចំនួន ២ក្បាល ដើម្បីឲ្យបរិភោគវត្ថុ ៧យ៉ាងរួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ
ទឹក និងស្រា។

លទ្ធផលនៃការផ្សងប្រផ្នូល ត្រូវបានអាចារ្យព្រាហ្មបរោហិត ទូលថ្វាយ និងជម្រាបជូនអង្គពិធីថា គោ
ឧសភរាជ បានបរិភោគតែពោតមួយមុខប៉ុណ្ណោះ នាំឲ្យទំនាយទាយថា ក្នុងឆ្នាំនេះ ពោត នឹងទទួល
បានទិន្នផលល្អប្រសើរ។ នេះគឺជាការផ្សងប្រផ្នូល ទៅតាមទំនៀមទម្លាប់ព្រះរាជវេណី នៃព្រះរាជ
ពិធីច្រត់ព្រះនង្គ័ល ដែលមានតាំងពីបុរាណកាលមកប៉ុណ្ណោះ ក៏ដូចជា ការប្រកាសថា រដូវវប្បមង្គល
ចូលមកដល់ហើយ។ ដូច្នេះសូមប្រជាកសិករ ត្រៀមលក្ខណៈសម្បត្តិប្រុងប្រៀប រៀបចំការងារបង្ក
បង្កើនផល ឲ្យបានទទួលនូវទិន្នផលខ្ពស់ ដើម្បីលើកស្ទួយកម្រិតជីវភាពបានល្អប្រពៃ។

តាមការប្រកាស របស់លោកតា អាចារ្យបានឲ្យដឹងថា គោឧសភរាជសោយពោត ច្រើនជាងគេ ស
បញ្ជាក់ ឲ្យឃើញថា ការដាំដំណាំពោត របស់ប្រជា កសិករ នៅទូទាំងប្រទេស នឹងទទួលបានលទ្ធ
ផលល្អ ប្រសើរទៅតាមលក្ខណៈ ប្រពៃណីទំនៀមទំលាប់ ហើយប្រទេសជាតិនឹងមាន សេចក្តីសុខ
ត្រជាក់ត្រជុំ។

ព្រះរាជពិធីនេះ ត្រូវបានធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមន្ត្រី ជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ព្រម
ទាំងអ្នកមុខអ្នកការ និងប្រជាពលរដ្ឋជាច្រើនផ្សេងទៀត។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម លន់
លឹមថៃ ជាស្តេចមាឃ និងភរិយាគឺលោកជំទាវ ស្រ៊ុន ណាង ជា ព្រះមេហួ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ