CamNews

ព័ត៌មានជាតិ 

បើករថយន្ដអូឌី បាញ់ជិត ១០គ្រាប់ ផ្អើលអស់សមត្ថកិច្ច មួយជំហានក្រុង តាម ចាប់

-នគរបាល ខណ្ឌសែនសុខ ឃាត់និស្សិត សាលាអាយយូ បើករថយន្ដអូឌី សង្ស័យជា ជនបង្ក

ភ្នំពេញ ៖ ជនបង្ក ២នាក់ បើក និងជិះ រថយន្ដស៊េរីទំនើបម៉ាកអូឌី ១គ្រឿង បាន បើកការបាញ់ប្រហារជិត ១០គ្រាប់ ផ្អើល អស់សមត្ថកិច្ចស្ទើរមួយជំហានក្រុង ក្នុងរាជ ធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្ទះលេខ៦៣អឺសូន្យ ផ្លូវលេខ ៥៣ ភូមិទី២ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាល មូលដ្ឋានបាននិយាយថា នៅវេលាម៉ោង ១០ និង៤៥នាទីយប់ថ្ងៃទី ២៤ ខែមីនា នៅចំណុចកើតហេតុខាងលើ នេះ មានករណីផ្ទុះអាវុធចំនួន ៧គ្រាប់បង្ក ឡើងដោយជនសង្ស័យ ២នាក់ ជិះរថយន្ដ ១គ្រឿង ម៉ាក អូឌី ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្ដាលឱ្យធ្លុះទ្វារដែកមូរ ចំនួន ៥កន្លែង រួចហើយជនបង្ក បានបើករថយន្ដ គេចខ្លួន តាមបណ្ដោយផ្លូវលេខ ៥៣ ទៅជើងបាត់តែម្ដង ។

សន្ដិសុខយាមនៅខារ៉ាអូខេ អេសអិន បាននិយាយប្រាប់សមត្ថកិច្ចថា ជនសង្ស័យ ទាំង ២នាក់ មិនដឹងជាមានរឿងអ្វីកើត ឡើងនោះឡើយ ហើយពេលបើកមកដល់ ចំណុចកើតហេតុ ក៏បាញ់ចំនួន ៧គ្រាប់ ប៉ុន្ដែ សំណាងល្អ មិនបណ្ដាលឱ្យនរណាម្នាក់រង របួស ។ ក្រោយមានករណីផ្ទុះអាវុធខាងលើនេះ កម្លាំងនគរបាល និងសមត្ថ កិច្ចពាក់ ព័ន្ធតាមបណ្ដាខណ្ឌ ស្ទើរមួយចំហៀងក្រុង បានទាក់ទងដើម្បីដាក់តាមគោលដៅ តាម ប្រមាញ់អ្នកជិះរថយន្ដអូឌីទាំង ២នាក់ ។ លុះមួយសន្ទុះក្រោយមក កម្លាំងនគរបាល ខណ្ឌសែនសុខ បានស្ទាក់រថយន្ដអូឌីគ្មាន ស្លាកលេខ ១គ្រឿង ពណ៌ខ្មៅ បើកដោយ នារីម្នាក់ តាមផ្លូវសហព័ន្ធរុស្ស៊ី ប៉ុន្ដែក្រោយ ការសួរនាំ អ្នកបើក រថយន្ដរូបនេះមានជាប់ ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅខណ្ឌដូន ពេញនោះទេ ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បាននិយាយថា ក្រោយការសួរនាំ អ្នកបើករថយន្ដគឺជានិស្សិតនៅសាលាអន្ដរ ជាតិពេទ្យអាយយូ ហើយមិនមែន ជាជនបង្កនៃការផ្ទុះអាវុធនៅទឹកដីផ្សារថ្មីទី១ខណ្ឌ ដូនពេញនោះឡើយ ។

លោក ម៉ក់ ហុង បានបន្ដថា ក្រោយ ការសួរនាំ ហើយមិនរកឃើញបទល្មើសនៃ ការផ្ទុះអាវុធ គឺសមត្ថកិច្ចរបស់លោកបាន បញ្ជូនរថយន្ដខាងលើនេះ ទៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បី ចាត់ការបន្ដ ព្រោះតែគ្មានស្លាកលេខ ។

នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោក សែម គន្ធា បាន មានប្រសាសន៍ថា ចំពោះករណីនេះ ម្ចាស់ រថយន្ដមានឯកសារបង់ពន្ធ និងឯកសារ ពាក់ព័ន្ធត្រឹមត្រូវទាំងអស់ គ្រាន់តែមិនទាន់ ធ្វើស្លាកលេខ ដូច្នេះសមត្ថកិច្ចរបស់លោក បានស្នើឱ្យម្ចាស់រថយន្ដ យកឯកសារមកធ្វើស្លាកលេខ ។

ដោយឡែកជនបង្កដែលបាញ់ បោះជិត ១០គ្រាប់ នៅសង្កាត់ផ្សារថ្មីទី១ នោះ គឺសមត្ថកិច្ចមិនទាន់ឃាត់ខ្លួន និងកំណត់មុខសញ្ញាបាននៅឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news