ភ្នំពេញ៖ មូលនិធិចំនួន ១៨. ៥០០ដុល្លារ ក្នុងកម្មវិធីសប្បុរសធម៌ “មូលនិធិសម្រាប់ មន្ទីរពេទ្យគន្ធបុប្ផា” របស់ ក្រុមហ៊ុន POSH ត្រូវបានប្រគល់ជូន ដល់មន្ទីរពេទ្យ នាព្រឹកថ្ងៃទី០៦ មិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ។
កញ្ញា Jennie ជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ មុខជំនួញនៃក្រុមហ៊ុន POSH បានឲ្យដឹងថា “យើងពិតជាមាន សេចក្តី សប្បាយរីករាយ ខ្លាំងបំផុតក្នុងការចូលរួម ឧបត្ថម្ភមូលនិធិដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតកុមារក្រីក្រ។”
លោក សុខ សំអាត វេជ្ជបណ្ឌិតមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃ មន្ទីពេទ្យគន្ធបុប្ផា ទាំងប្រាំសាខា ទួទលព្យាបាលកុមារ និង អ្នកជម្ងឺខ្ទង់ ៣០០០នាក់ ។
លោកបន្តថា «ខ្ញុំពិតជាមានសេចក្តីរីករាយ ក្រៃលែងចំពោះ មូលនិធិទាំងអស់នេះពីព្រោះវាជាការរួម ចំណែកដ៏ ធំធេង ពីបណ្តាលក្រុមហ៊ុន និងសប្បុរសជនខ្មែរ នានានៅថ្ងៃនេះ ដើម្បីរួមគ្នាសង្រ្គោះជីវិតកុមារ និងប្រជាជន ក្រីក្រ»។
អ្នកស្រី ផល ស្រីលាភ ដែលបាននាំកូនប្រុសអាយុ៥ឆ្នាំ មកទទួលការព្យបាលនៅ មន្ទីរពេទ្យគន្ធបុប្ផា បានរៀប រាប់ថា កូនប្រុសគាត់មានជម្ងឺសួត ហើយគាត់ពុំមានលទ្ធភាព យកកូនទៅព្យាបាលនោះទេ។ ប៉ុន្តែសំណាងល្អ មានមន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលព្យាបាលកុមារ ដោយឥតគិតថ្លៃ។
គួររំលឹកថាមូលនិធិទាំងអស់នេះក៏ជាការរួមចំណែក ពីបណ្តាលក្រុមសប្បុរសជន និង ក្រុមហ៊ុន ចំនួន ២៥ផ្សេង ទៀតនៅកម្ពុជាដូចជា Deam HeatWAVE Oxley Worldbridge, FCC Tous les Jours -ល- ក្នុងកម្មវិធីសប្បុរសធម៌ “មូលនិធិសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា” កាលពីថ្ងៃទី១ មិថុនា ២០១៤ កន្លងទៅ៕