ភ្នំពេញ ៖ រោងខួបកំណើត មួយកន្លែងស្ថិត នៅតាមបណ្តោយ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ ខណ្ឌមានជ័យ ក្រោយចប់កម្មវិធី ហើយគេមិនទាន់រុះរើស ចេញក៏ត្រូវរថយន្ត កុងតឺន័រ របស់ក្រុមហ៊ុន តិចស្រ៊ុន មួយគ្រឿង បើកលឿនរេចង្កូតបុករះខ្ទេច ទាំងស្រុង កាលពីវេលាម៉ោង ២៣និង ៤០នាទីថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានគ្រោះ ថ្នាក់នេះ គឺរថយន្ត កុងតឺន័រ ពណ៌ឈាមជ្រូក បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៣៧១ ទិសដៅពីត្បូងទៅជើងយ៉ាង លឿន លុះដល់ចំណុចកើតហេតុ ក៏បានទាញចង្កូតរថយន្តគេច ម៉ូតូបណ្តាលឲ្យជ្រុលចង្កូត បុករះរោងខួបកំណើតដែល សង់នៅលើ ចិញ្ចើមផ្លូវខ្ទេចទាំងស្រុង ហើយរថយន្តបង្ក បានបន្តទៅមុខទៀត ទើបជ្រុលបុកផ្ទះប្រជាពលរដ្ឋ គៀបគ្នារងការខូចខាតបន្តដំណើរមុខលែងរួច ។
ភ្លាមៗនោះ អ្នកបើករថយន្តបង្កហេតុ បានចុះពីលើរថយន្តរត់គេចខ្លួន បាត់ស្រមោល ។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំបណ្តាលឲ្យមុស្សណាម្នាក់ ត្រូវរងរបួស ធ្ងន់ធ្ងរឡើយ។ ហើយរថយន្តបង្កហេតុក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការ ជាមួយនគរបាលជំនាញចុះវាស់ វែងអូសយករថយន្តបង្កហេតុនេះ ទៅរក្សាទុកនៅ ការិយា ល័យ ចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំ ដោះស្រាយ នាពេលក្រោយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល