CamNews

ព័ត៌មានជាតិ 

ស្លាប់ម្នាក់ ៥នាក់រងរបួស ក្នុងហេតុការណ៍ គប់គ្រាប់បែក ក្នុងពិធីរាំធុងបាស់

កំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ មានបុរសម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សប្រុសស្រី ៥ នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ដឹកមក សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងករណីគប់បំផ្ទុះ គ្រាប់បែកមួយ ក្នុងពិធីរាំវង់ធុងបាស់ ដែលបានកើតឡើង កាលពីម៉ោងជាង ១០ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រួសារប្រជាពលរដ្ឋ រស់នៅ ភូមិឃុំកើតហេតុខាងលើ បានទិញបាស់ថ្មីរួចក៏ចាក់សាករាំលេងកំសាន្ត និងបានហៅគ្នីគ្នា អ្នកភូមិមកលេងរាំវង់ និងមានផឹកស៊ីបន្តិចបន្តួច ។ ក្រោយពីរាំលេង បានរយៈពេលប្រមាណ២ម៉ោងក្រោយមក ស្រាប់តែមានអ្នកមានដទៃទៀត បំរុងចូល មករាំលេងក្នុងកម្មវិធីនោះផង ស្រាប់តែមានយុវជនម្នាក់ ពាក់អាវក្រហម បានដើរកមកឈរក្បែរ របងផ្ទះកន្លែងរាំធុងបាស់។ មួយសន្ទុះក្រោយមកក៏មានសម្លេងគ្រាប់បែកផ្ទុះ យ៉ាងខ្លាំងតែម្តង បណ្តាលអោយមនុស្ស ៦នាក់ រងរបួសធ្ងន់ និង ស្រាល ក្នុងនោះមានស្រីម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះ នៅមន្ទីពេទ្យខេត្តបង្អែកខេត្តកំពង់ឆ្នាំង ។

លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានប្រាប់អ្នកយកពត៌មានដើមអម្ពិល ឲ្យដឹងថា ជនដៃ ដល់ដែលគប់ គ្រាប់បែកមកលើ ផ្លូវខាងមុខផ្ទះកន្លែងរាំវង់កំសាន្តខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយជនសង្ស័យនេះឈ្មោះ កូវ ធីម ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បើតាម ចម្លើយសារភាពបានអោយដឹងថា ជនសង្ស័យបានទៅឃ្វាលគោក៍ប្រទះ ឃើញគ្រាប់បែករួចរើសយក មកទុកអស់រយៈពេលប្រមាណជាង២ខែមកហើយ លុះដល់ថ្ងៃកើតហេតុគេ ក៍យកគ្រាប់បែកមក គប់ទៅលើមនុស្សដែលមកពីភូមិដទៃ ខណៈដែលកំពុងឈរនៅលើផ្លូវខាងមុខផ្ទះតែម្តង ។

អធិការរូបនេះបានបន្តអោយដឹងថាជនរងគ្រោះ លុះមកដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤នេះ បានស្លាប់បាត់បង់ជីវិតម្នាក់ ខណៈកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ជនរង គ្រោះដែល ស្លាប់ឈ្មោះ ភោគ ខាត់ ភេទប្រុស អាយុប្រមាណ៦៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news