ភ្នំពេញ : កម្មការិនីម្នាក់ ត្រូវ ម៉ូតូមួយគ្រឿង បើកបុក ពេញទំហឹង បណ្តាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ២ មុខរោង ចក្រ កាត់ដេរផាកស៊ុន ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណ:ដែលជន រងគ្រោះរូបនេះ កំពុងធ្វើដំណើរឆ្លងផ្លូវ ចូលទៅក្នុងរោងចក្រ ។
តាមសាក្សី ឃើញហេតុការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានដើរឆ្លងផ្លូវ ពីលិច មកកើត ដើម្បីទៅធ្វើការ នៅរោងចក្រផាកស៊ុន ខណ:ដើរឆ្លង ផ្លូវជិត ផុតទៅហើយ ស្រាប់តែមាន ម៉ូតូមួយ គ្រឿង បើកមកយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង ពោលគឺពីតាខ្មៅចូលមកភ្នំពេញ ក្នុងល្បឿនលឿន ផង បណ្តាលឲ្យជ្រុលបុកពេញទំហឹងតែម្តង បើុងខ្ទាតបោក ទៅនឹងថ្នល់ បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង ។
នាយនគរបាលផ្នែកចរាចរ ខណ្ឌមានជ័យ លោក ទិត ចំរើន បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ ដោយម៉ូតូបុកនេះ ឈ្មោះ ឃឹម សុខា ភេទស្រី អាយុ ៤៥ឆ្នាំ ស្នាក់នៅបន្ទប់ ជួលក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាកម្មការិនី រោងចក្រផាកស៊ុន និងមានស្រុកកំណើត នៅភូមិ-ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក ជនបង្កឈ្មោះ គន់ វ៉ន ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករ មានស្រុកកំណើត នៅភូមិ-ឃុំ ពោធិ៍រៀង ខេត្តព្រៃវែង ជិះម៉ូតូសេ១២៥ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-9668 ។ តាមការសារភាពរបស់ជនបង្ក បាននិយាយថា ដោយខ្លួនប្រញាប់ទៅធ្វើការ ក្នុងក្រុង ភ្នំពេញ ទើបគេបើក លឿន ហើយជាន់ហ្រ្វាំងមិនទាន់ ជាហេតុបុកជនរងគ្រោះតែម្តង ។
ភ្លាមៗនោះផងដែរ ក្រោយបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់ហើយ អ្នកបើកម៉ូតូត្រូវបានឃាត់ខ្លួនភ្លាមៗ ។ ដោយឡែកសព ជនរងគ្រោះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចប្រគល់ទៅឲ្យក្មួយស្រី ដែលធ្វើការ ជាមួយ គ្នាយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ឯភូមិសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល