បាត់ដំបងៈ កម្លាំងនគរបាលស្រុកសំពៅលូន បានឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតៀមលក់ស្រា ស្ថិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ដែលបានយកកាំបិតកាប់ប្អូនថ្លៃ២កាំបិត របួសធ្ងន់ដោយសារ ទំនាស់ពាក្យសម្តី រួចកសាងសំណុំរឿង បញ្ជូនមកស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ដើម្បី ចាត់ការតាមច្បាប់។
លោកអនុសេនីយ៌ឯក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ យ៉ាន ឡេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បានយកកាំបិតខ្វែវកាប់ ទៅលើជនរងគ្រោះ (ប្អូនថ្លៃ) ឈ្មោះ អ៊ុន វុទ្ធី ភេទប្រុសអាយុ២៩ឆ្នាំ ចំនួន២កាំបិត ចំស្លឹកត្រចៀកឆ្វេងជម្រៅ១០សង់ទីម៉ែត្រ និងចំកំភួនជើង១កាំបិត បណ្តាលឲ្យ របួសធ្ងន់ (កាប់ខាងខ្នងកាំបិត) ដោយសារតែប្អូនថ្លៃបានហាមបងថ្លៃ មិនឲ្យទៅធ្វើការនៅប្រទេសថៃនិងតមាត់ តដៃ ខណៈពួកគេកំពុងផឹកស្រាអស់១លីត្រកន្លះ នៅតៀមមួយកន្លែងក្នុងភូមិកើតហេតុខាងលើ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអធិការនគរបាលស្រុកដើម្បីសួរនាំ ឯអ្នករបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកសំពៅលូន។
ក្រោយពីជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចហើយ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាល ខេត្តនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះដើម្បីចាត់ការ បន្តតាមច្បាប់។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល