ភ្នំពេញ៖ សម្តេចព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទ្រង់ព្រះប្រទាន នូវគ្រឿងឥស្សរិយយសថ្នាក់ មហាសេរីវឌ្ឍន៍ ទៅដល់ថ្នាក់ដឹកនាំ នៃធនាគារចំនួន២ នៅក្នុងប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំ ដែលបានទទួលនូវគ្រឿងឥស្សរិយយសថ្នាក់នោះរួមមាន លោក Le Dao Nguyen, លោក Tran Thanh Van, លោក Nguyen Dinh Duong និងលោក Nguyen Van Hien ដែលអ្នកទាំងអស់នេះ គឺថ្នាក់ដឹកនាំនៅ ក្នុងធនាគារពាណិជ្ជកម្មវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និង លោក ទ្រឹង បាក់ហាប្រធាន ធនាគារវិនិយោគ អភិវឌ្ឍន៍កម្ពុជា (BIDC)។
មិនត្រូវតែប៉ុណ្ណោះ ព្រះអង្គ ក៏ទ្រងសព្វព្រះទ័យ បានប្រទាននូវគ្រឿងឥស្សរិយយសថ្នាក់ សហមេត្រី ថ្នាក់មហាសេនា ទៅដល់ផ្នែកផ្សេងៗ នៃធនាគារចំនួន ១៤ ផ្សេងទៀតផងដែរ។
នៅក្នុងឱកាសការបំពាក់នូវគ្រឿងឥស្សរិយយសនោះ គឺមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន សមាគមមិត្តភាព កម្ពុជា-វៀតណាម លោកស្រី ម៉ែន សំអន និងមានការចូលរួម ពីសំណាក់ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា, អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងលោក ថាច់ យឺ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា និងមន្ត្រី រាជរដ្ឋាភិបាល ជាច្រើនរូបទៀតផងដែរ។
ថ្លែងនៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ នាសណ្ឋាគារកាំបូឌីយ៉ាណា លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ការវិនិយោគ របស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការ ជួយជម្រុញ សកម្មភាព វិនិយោគរបស់វៀតណាមនៅកម្ពុជា និងបានកើនឡើងពី ៥០០លានដុល្លារ នៅឆ្នាំ២០០៩ ដល់ជាង៣ពាន់លានដុល្លារ ក្នុងពេលបច្ចុប្បន្ន ដោយផ្អែកលើកត្តានេះ ទោះបី ស្ថានភាព សេដ្ឋកិច្ចពិភពលោកជួបវិបត្តិ ក៏សេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើនស្ថេរភាពល្អ គឺជាង៧ភាគរយក្នុងមួយឆ្នាំ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បាបបន្តថា “វត្តមានធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា នៅក្នុង ប្រទេស កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តរបស់វិនិយោគិន ជាពិសេសវិនិយោគិន វៀតណាម នៅកម្ពុជា ជម្រុញទីផ្សារហិរញ្ញវត្ថុធនាគាររបស់កម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍន៍ ថែមទៀត និងរួមចំណែកលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ដោយបានបង្កើតការងារ និងបានផ្តល់ទុនកម្ចីធ្វើអាជីវកម្មផងដែរ”។
ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន ក៏បានជូនពរទៅធនាគារទាំងពីរ ទទួលបានការគាំទ្រ ពីសំណាក់អតិថិជន ឲ្យបានច្រើនផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល