ភ្នំពេញ ៖ មន្ដ្រីយោធា ពាក់ស័ក្ដិ៤កន្លះ លើស្មាម្នាក់ រួមទាំងបក្ខពួកម្នាក់ពីរនាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្ទាក់ ចាប់បាន នៅចំណុចមុខ អធិការដ្ឋានតែម្ដង ខណៈមន្ដ្រីយោធានិងបក្ខពួកខាងលើនេះ លើកគ្នាទៅទារលុយពីកូនបំណុលដែលជំពាក់ ខ្លួន ចំនួន៥០០ដុល្លារ តែកូនបំណុលមិនទាន់ មានលុយសង ក៏ព្រួតគ្នាវាយនិងដកកាំភ្លើង ភ្ជង់គំរាមបាញ់ ពេលជនរងគ្រោះប្ដឹងសមត្ថ កិច្ចភ័យខ្លួន ក៏នាំគ្នាបើករថយន្ដរត់គេចមក វិញ ។
ហេតុការណ៍ខាងលើនេះ បានកើតឡីង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៤កន្លងទៅនេះ ស្ថិតនៅចំណុច ផ្ទះលេខ៧០ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយ ប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខណ្ឌឫស្សីកែវ បានឱ្យដឹងថា រឿងហេតុឈាន ដល់ការឃាត់ខ្លួនមន្ដ្រីយោធា ពាក់ស័ក្ដិ៤ កន្លះលើស្មានិងបក្ខពួកខាងលើ គឺ ផ្ដើមឡើង ពីឈ្មោះម៉ក់ សុភាព ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានខ្ចីលុយ ពីឈ្មោះម៉ាត់ ស៊ុបអ៊ី ចំនួន៥០០ដុល្លារ កាល ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយសន្យា សងវិញ នៅថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៤ ។ ប៉ុន្ដែស្រាប់តែរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៤ បែរជាលេចមុខឈ្មោះម៉ាត់ ស៊ុប អ៊ី នាំមន្ដ្រី យោធា ពាក់ឯកសណ្ឋាន ពាក់ស័ក្ដិ ៤កន្លះនៅលើស្មា មានអាវុធខ្លីសៀតចង្កេះ រួមជាមួយបក្ខពួកម្នាក់ពីរនាក់ទៀត ជិះ រថយន្ដម៉ាកកាមរីបាឡែន ពណ៌ខ្មៅ មួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-6282 ទៅទារលុយពីឈ្មោះម៉ក់ សុភាពវិញ ខណៈ ដែលឈ្មោះម៉ក់ សុភាព អះអាងថា មិនទាន់ ដល់ថ្ងៃកំណត់ ហើយបច្ចុប្បន្នខ្លួនមិនទាន់ មានលុយសងនោះ ស្រាប់តែឈ្មោះម៉ាត់ ស៊ុបអ៊ី បានទារទាមឱ្យឈ្មោះម៉ក់ សុភាព ធ្វើកិច្ចសន្យាខ្ចីប្រាក់សារជាថ្មី តែឈ្មោះម៉ក់ សុភាព មិនព្រមធ្វើតាមធ្វើឱ្យមាន ការប្រកែក គ្នា ស្រាប់តែមន្ដ្រីយោធា ឈ្មោះស្រៀង អ៊ាងលី បានស្ទុះទៅវាយឈ្មោះម៉ក់ សុភាព រួចហើយដកកាំភ្លើងខ្លីម៉ាកកា៥៤ទៅភ្ជង់ជនរងគ្រោះគំរាមរកបាញ់ រួចហើយក៏វាយជន រងគ្រោះ បណ្ដាលឱ្យរងរបួសត្រង់ត្រចៀក ផ្នែកខាងឆ្វេង ។ ពេលឃើញអាសន្នមកដល់ បែបនេះ ជនរងគ្រោះក៏បានរត់ចូលផ្ទះទាញ ទ្វារបិទ រួចហើយស្រែកឱ្យគេជួយ និងបាន ទូរស័ព្ទប្ដឹងសមត្ថកិច្ចផងដែរ ។ ចំណែក ភាគីបង្កវិញ ពេលឮជនរងគ្រោះទូរស័ព្ទប្ដឹង សមត្ថកិច្ចក៏បាននាំគ្នារត់ចូលរថយន្ដ បើករត់គេចខ្លួនតាមផ្លូវជាតិលេខ៥ ចូល មកភ្នំពេញវិញ ក៏ត្រូវបានកម្លាំងអធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលទទួលបាន បណ្ដឹងពីជនរងគ្រោះតាមទូរស័ព្ទ ក៏ស្ទាក់ ចាប់ បានក្រុមជនបង្កនៅមុខអធិការដ្ឋាន តែម្ដង រួចហើយនាំចូលយកទៅសួរនាំ នៅ ក្នុងអធិការដ្ឋានបាត់ទៅ ។
ពាក់ព័ន្ធទៅនឹងករណីប្រើអំពើហិង្សាវាយ ដំនិងដកកាំភ្លើងភ្ជង់ ទៅលើភាគីកូនបំណុល ខាងលើ នៅព្រឹកថ្ងៃទី០៧ ខែមេសានេះ លោកអ៊ីវ ឈុនផេង អធិការរង នគរបាល ខណ្ឌឫស្សីកែវ ទទួលបន្ទុកព្រហ្មទណ្ឌបាន ឆ្លើយប្រាប់ដើមអម្ពិល តាមទូរស័ព្ទឱ្យដឹងថា ពិតជាមានករណីបែបនេះកើតឡើងមែន តែ ចុងក្រោយភាគីទាំង សងខាង បានសម្រួលគ្នា បញ្ចប់ ហើយសមត្ថកិច្ចលោកក៏បានដោះលែង ទៅវិញ ដោយមន្ដ្រីយោធាខាងលើពិតជាមាន កាំភ្លើងខ្លីជាប់នឹងខ្លួនប្រាកដមែន តែមាន លិខិតប្រើប្រាស់ត្រឹមត្រូវ ហើយគាត់ក៏មិន បានដកភ្ជង់ភាគីជនរងគ្រោះនោះដែរ គ្រាន់ តែវាយមួយដៃប៉ុណ្ណោះ ។
ប៉ុន្ដែប្រភពដោយឡែកមួយទៀត បាន លួចបង្ហើបឱ្យដឹងថា ទំរាំភាគីបង្ករួចខ្លួនមក វិញ គឺបានរត់ការរកអន្ដរាគមន៍និងចំណាយ ក៏អស់មិនតិចនោះដែរ ដោយគេអះ អាងថា ចាយអស់លើសចំនួនលុយ ដែលភាគីជនរង គ្រោះជំពាក់ទៀតផង ទើបរួចខ្លួន ។
នៅព្រឹកថ្ងៃដដែលនេះដែរ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចធ្វើការទាក់ទង សុំការបំភ្លឺ ពីភាគីបង្កនិងភាគីជនរងគ្រោះ បាននោះឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល