ភ្នំពេញ៖ គ្រាប់បែកមួយគ្រាប់ បានផ្ទុះឡើងលាន់ ឮកងរំពង ជ្រែកស្បៃរាត្រី នៅក្បែរសាលា
ដំបូងរាជធានីភ្នំពេញ បង្កឲ្យភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចតែជាសំណាងល្អ មិន
បណ្តាលឲ្យ ពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ គ្រាន់តែបណ្តាលឲ្យជញ្ជាំងអគារ និង
ផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលនៅក្បែរ នោះរងការខូចខាត។
បើតាមសមត្ថកិច្ច រាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១៖០៥នាទី រំលងអាធ្រាត
ឈានចូលថ្ងៃទី០៧ សីហា ឆ្នាំ២០១៣ នេះ គ្រាប់បែកមួយគ្រាប់ដែលគេដាក់ប្លុងចោល ក្នុង
រយៈពេលមួយនាទី ក្រោយមក បានផ្ទុះនៅជាប់របងសាលាដំបូងរាជធានីភ្នំពេញ ស្ថិតតាម
បណ្តោយផ្លូវ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ការកត់សម្គាល់ ករណីដាក់បំផ្ទុះគ្រាប់បែកនេះ ជាលើកទីមួយហើយនៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីប្រទេសកម្ពុជាទទួលបានសន្តិភាពជាង១០ឆ្នាំមកនេះ ជាពិសេសកើតមានឡើង
ខណៈដែលសមត្ថកិច្ចកំពុង រឹតបន្តឹងសន្តិសុខក្នុង រាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹង ការបំផ្ទុះ
គ្រាប់បែកនេះ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋាន យ៉ាងណានៅឡើយទេ គឺកំពុងត្រួតពិនិត្យ
និងស៊ើបអង្កេតបន្ត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល