CamNews

ព័ត៌មានជាតិ 

ចាញ់បោកគេ មកប្តឹង តែនគរបាលថា ត្រូវថ្នាំសណ្តំ

ភ្នំពេញ៖ ស្រ្តីជាកម្មការិនី រោងចក្រម្នាក់ បានមកយំសោក នៅខាងមុខប៉ុស្តិ៍ នគរបាល ដោយ
រៀបរាប់ប្រាប់ នគរបាលថា នាងត្រូវ ជនសង្ស័យម្នាក់ ល្បួងយកមកឲ្យ បក្ខពួកគេ៣នាក់ ទៀត
ដាក់ថ្នាំសណ្តំ យកអស់ចិញ្ចៀន មាស ៣ជីកន្លះ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ ស្ថិត
នៅខាង មុខប៉ុស្តិ៍ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះ ប្រាប់នគរបាល ថា នាងមាន ឈ្មោះ ហួត ស្រីពៅ មាន អាយុ ជាង៣០ឆ្នាំ មានមុខ
របរជាកម្មការិនី រោងចក្រ ស្នាក់នៅក្នុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែក
ជនសង្ស័យមាន គ្នា៤នាក់ ជិះម៉ូតូមួយគ្រឿង ពុំត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ។

នាងបានបន្តថា មុនពេលកើតហេតុ នាងបាន ស្គាល់នារីម្នាក់ ដែលធ្វើការ នៅរោងចក្រ ជាមួយគ្នា
នៅរោង ឯសង្កាត់កំបូល ហើយគេបានបបួលនាង មកញុំអីនៅម្តុំសាច់ ក្រកក្បែរជញ្ជីងថ្លឹង រថយន្ត
កំបូល ប៉ុន្តែក្រោយមកបានជួប ស្រ្តីម្នាក់ទៀត ក៏បានជួបបក្ខពួក របស់គេ៣នាក់ទៀត ដោយមាន
ស្រីម្នាក់ និងប្រុស ២នាក់ លុះមកដល់ម្តុំ ខាងកើតបុរីសែនមនោរម្យ ស្រាប់បក្ខពួក របស់គេបានទះ
ស្មានាង១ដៃ រួចហើយក៏ឲ្យនាងដោះ ចិញ្ចៀននឹងដៃឲ្យគេ ហើយគេបានឲ្យគ្រាប់កងនាងវិញ ហើយ
ពួកគេក៏នាំគ្នាគេច ខ្លួនបាត់អស់ ។

បន្តិចក្រោយមកទើបដឹងថា ត្រូវថ្នាំសណ្តំរបស់គេ អង្គុយយំសោកក្បែរ ចិញ្ចើមផ្លូវ នគរបាលឃើញ
ក៏បានសួរនាងដឹងរឿង ឲ្យមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ។ នាងបានបន្តថា
ចិញ្ចៀនដែលនាង ដោះឲ្យគេនោះគឺជាចិញ្ចៀន មាសទំងន់៣ជីកន្លះ ហើយជាកម្លាំង ញើសឈាម
ដែលនាងខិតខំធ្វើការ នៅក្នុងរោងចក្រ ដែលបានសន្សំ ជាយូរណាស់មកហើយ ។

ហើយនគរបាលបានសួរនាំ នាង រកភិនភាគ មុខសញ្ញា នាងគិតតែយំ ពិបាកក្នុងការសួរនាំ គ្រាន់តែ
ប្រាប់ថា ជនសង្ស័យ ស្រីម្នាក់ចាស់ ម្នាក់ក្មេង និងមានប្រុស ២នាក់ទៀត ជិះម៉ូតូមួយគ្រឿង។ នាង
បន្តថា បន្តិចក្រោយមក នាងក៏បានទូរស័ព្ទ ហៅបងប្អូន មកឌុបនាងវិលត្រឡប់ ទៅផ្ទះវិញតែម្តង
ទៅ។ នគរបាលនិយាយថា ទំនងជាចាញ់បោកគេទេ ប្រសិនបើត្រូវថ្នាំសណ្តំវិញ នោះបែកពពុះមាត់
និយាយមិនចេញទេ ភ្លាមៗអីចឹងនោះ ហើយក៏មិនអាចដឹងខុស ដឹងត្រូវច្រើន បែបនេះដែរ៕ 

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ