បាត់ដំបង ៖ កម្លាំងនគរបាល ស្រុកថ្មគោល បានឃាត់ខ្លួន ក្មេងទំនើង២ក្រុម មានគ្នា៧នាក់ ជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅចំណុច ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ដែលបានចូលរាំ ធុងបាស ក្នុងពិធី អាពាហ៌ពិពាហ៌គេ ក្នុងភូមិ បានបង្កជម្លោះ កាប់ចាក់គ្នា រងរបួសធ្ងន់ម្នាក់ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ Emergency ខេត្ត រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការ តាមច្បាប់ ។
លោក យឹម វិចិត្រ អធិការ នគរបាលស្រុកថ្មគោល បានឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ មានក្មេងទំនើង២ក្រុម បានចូលរាំធុងបាស ក្នុងពិធីអាពាហ៌ពិពាហ៌គេ ក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ស្រាប់តែបានបង្កជម្លោះ កាប់ចាក់គ្នា រងរបួសធ្ងន់ម្នាក់ ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យ Emergency ខេត្ត ។
លុះព្រឹកថ្ងៃទី១៩ ខែមីនា កម្លាំងសមត្ថកិច្ច បានចុះឃាត់ខ្លួន ជាបន្តបន្ទាប់ ក្មេងទំនើងទាំង២ក្រុម មានចំនួន៧នាក់ មាន៖ ទី១-ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះ រ៉ាត់ សៀងហាន់ ភេទប្រុស អាយុ១៩ឆ្នាំ ទី៣-ឈ្មោះ ជី បុរី ភេទប្រុស អាយុ២០ឆ្នាំ (១ក្រុម) ទី៤-ឈ្មោះ វឹង ឡុង ភេទប្រុស អាយុ២៤ឆ្នាំ ទី៥-ឈ្មោះ យី សុភី ភេទប្រុស អាយុ១៩ឆ្នាំ ទី៦-ឈ្មោះ យី សុភា ភេទប្រុស អាយុ១៨ឆ្នាំ និងទី៧-ឈ្មោះ សាង សិលា ភេទប្រុស អាយុ១៨ឆ្នាំ (ក្រុមជនដៃដល់) រស់នៅ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ។
ចំណែក ជនរងគ្រោះ ដែលចូលសម្រាកនៅមន្ទីរពេទ្យមាន ឈ្មោះ មឿន ម៉ន ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ។ បន្ទាប់ពី បានឃាត់ខ្លួន នាំយកមកសាកសួរ ចម្លើយរួច ជនសង្ស័យបានឆ្លើយ សារភាពថា បន្ទាប់ពីបក្ខពួកខ្លួន បានចូលរាំធុងបាសហើយ ក៏បានឃើញគូ ទំនាស់ចូលរាំ ជាមួយគ្នា ក៏បានទាញកាំបិតខ្វែវ និងដំបងឬស្សី វ៉ៃគ្នាបណ្តាល ជនរងគ្រោះម្នាក់តែម្តង លុះស្អែកឡើង ក៏មានសមត្ថកិច្ចមកឃាត់ខ្លួន នាំយកទៅអធិការស្រុកតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ នគរបាល ស្រុកបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការ នគរបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា នេះដើម្បីចាត់ការបន្តតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល