CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនជនជាតិ វៀតណាម ពីបទលួចប្លន់រថយន្ត នៅមណ្ឌលគិរី

មណ្ឌលគិរីៈ មានករណីប្លន់រថយន្តមួយគ្រឿង ដែលជាករណីថ្មី និងជាលើកទី១ផងដែរ នៅមណ្ឌលគិរីជនសង្ស័យ បានយករថយន្តជិះគេចខ្លួនដល់ម្តុំស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅព្រលឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៥និង៥៥នាទី ត្រង់ចំណុចវាលក្ងោក ឃុំពូជ្រៃ ស្រុកពេជ្រាដា តាមបណ្តោយផ្លូវជាតិលេខ ៧៦ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅខេត្តរតនគិរី។

បើតាមការឲ្យដឹងពីលោក ព្រិល រ៉ាមាណ អធិការក្រុងសែនមនោរម្យ បានប្រាប់ថា តាមការរៀបរាប់ពីជនរងគ្រោះនិយាយថា មុនពេលកកើតហេតុ ខ្លួន (ម្ចាស់រថយន្ត) មានប្រពន្ធនិងម្តាយក្មេក ត្រូវជនសង្ស័យជាជនជាតិវៀតណាម ជួលរថយន្តខ្លួនពីខេត្តរតនគិរី មកមណ្ឌលគិរី ស្រាប់តែមកដល់ ចំណុចកើតហេតុភូមិឃុំខាងលើ ស្រាប់តែជនសង្ស័យ បានដកកាំបិត២ ចាក់មកចំកផ្នែកខាងក្រោយ និងខាងមុខសុះសាច់ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ រីឯប្រពន្ធនិងម្តាយក្មេករត់រួច ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ឡើយ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ច នាំមកសង្គ្រោះ នៅពេទ្យបង្អែក ខេត្តមណ្ឌលគិរី។

លោកអធិការបានបន្តថា ជនសង្ស័យនិងជនរងគ្រោះ អាចជាអ្នកស្គាល់គ្នា រកស៊ីជាមួយគ្នា ជនសង្ស័យត្រូវជនរងគ្រោះអះអាងថា ជនជាតិ វៀតណាម។ ជនរងគ្រោះត្រូវគេប្លន់ ឈ្មោះ ចាន់ ថាវី ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្រុកកំណើតនៅភូមិគៀនស្វាយ ឃុំ កៀនស្វាយ ស្រុកគគីរ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅខេត្តរតនគិរី ហើយរថយន្តដែលជនសង្ស័យប្លន់នោះ ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2N 1157 ពណ៌បៃតង ចាស់ផលិតឆ្នាំ ១៩៩៩។

លោក ញ៉ែម វ៉ាន់នី ស្នងការខេត្តប្រាប់ថា នេះជាករណីពុំធ្លាប់មាន លោកកំពុងដាក់កម្លាំងតាមគោដៅអស់ហើយ ដើម្បីស្រាវជ្រាវ ប៉ុន្តែនៅម៉ោង ៨ ៣០ នាទី ព្រឹកថ្ងៃដដែល ត្រូវបានសមត្ថកិច្ចស្រុកស្នួលឃាត់ខ្លួន ធ្វើការប្រគល់មកឲ្យសមត្ថកិច្ចមណ្ឌលគិរី ចាត់ការតាមនីតិវិធីច្បាប់៕

Photo by DAP-News


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news