CamNews

ព័ត៌មានជាតិ 

ឃាត់នារីជនជាតិ វៀតណាមម្នាក់ ដែលញៀនថ្នាំ ហើយគប់កញ្ចក់ រថយន្តមន្ត្រី ភូមិបាល ខណ្ឌដង្កោ

ភ្នំពេញ៖ នារីជនជាតិ វៀតណាមម្នាក់ ដោយសារឥទ្ធិពល គ្រឿងញៀន ចូលខ្លួនច្រើនពេក បាត់បង់ស្មារតី បានដើររើសដំថ្ម គប់កញ្ចក់រថយន្ត មន្ត្រីភូមិបាល ខណ្ឌដង្កោ ដែលចតនៅមុខ ការិយាល័យភូមិបាល ដែលមាន ទីតាំងស្ថិតនៅក្នុងបុរី ចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្តាលឲ្យបែក ចំនួន៣ផ្ទាំង កាលពីវេលាម៉ោង ១៥និង៥០នាទី រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា នារីជនជាតិវៀតណាម ដែលបែកថ្នាំនោះ មានឈ្មោះ ថាន់ អាយុ២២ឆ្នាំ មិនមាន អាស័យដ្ឋាន ពិតប្រាកដនោះទេ គឺម្តងដើរដេកទីនេះ ហើយម្តងដើរដេកនៅទីនោះ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច ប្រាប់បន្តថា នារីជនជាតិវៀតណាមនោះ កាលពីមិនទាន់ញៀនថ្នាំ គឺរូបគេបាន មកជួយលក់កាហេ្វ ជាមួយពូម្នាក់ ប៉ុន្តែមិនមែនជាសាច់ ញ្ញាតិនោះទេ នៅក្នុងសង្កាត់ ដង្កោ លុះដល់ពេល ដើរលេងច្រើនពេក សេពគប់មិត្តភក្រ័មិនល្អ នាំគ្នាជក់គ្រឿងញៀន រហូតកែ ខ្លួនលែងបាន ទើបពូម្នាក់នោះ លែងឲ្យចូលផ្ទះ ក៏ដើរដេកត្រង់នេះខ្លះ និងត្រង់នោះខ្លះ ។ ដោយ ពេលខ្លះ ថ្នាំញៀនធ្វើទុកខ្លាំងពេក ក៏ដើរ វាយបំផ្លាញទ្រព្យសម្បត្តិ បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ ជាច្រើនលើក ច្រើនសាររួចមកហើយ ។ ប៉ុន្តែមាន ពេលខ្លះ ក៏ត្រូវម្ចាស់របស់ប្តឹង សមត្ថកិច្ចដែរ តែមិនដឹងជាធ្វើយ៉ាងម៉េច ក៏ដោះលែងទៅវិញ។

សមត្ថកិច្ច ប្រាប់បន្ថែមទៀតថា លុះដល់ថ្ងៃកើតហេតុនេះ មិនដឹងជាគាត់ដើរមកពីទីណានោះទេ ស្រាប់តែរើសដំថ្មមកគប់លើកញ្ចក់រថយន្ត របស់មន្ត្រីភូមិបាល ខណ្ឌដង្កោ ដែលចតនៅមុខការិយាល័យភូមិបាល ដែលមានទីតាំងស្ថិតនៅក្នុងបុរី ចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្តាលឲ្យបែក ចំនួន៣ផ្ទាំង គឺកញ្ចក់ផ្នែកខាងមុខ មួយផ្ទាំង និងកញ្ចក់ទ្ចារ រថយន្តខាងឆ្វេងចំនួន ពីរ ផ្ទាំងទៀត ហើយក្រោយពីបង្ក ហេតុ នារីជនជាតិវៀតណាម ដែលញៀនថ្នាំនោះ ក៏ត្រូវបាននាំយកមកទីស្នាក់ប៉ុស្តិ៍ដង្កោ ដើម្បីធ្វើការ សួរនាំ ។

ជាមួយនេះដែរលោក លត់ ឃីម នាយប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោ ប្រាប់ឲ្យដឹងថា ក្រោយពីធ្វើការសួរនាំ នារីខាងលើត្រូវបាន ដឹកបញ្ជូនយកទៅ មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បន្ទាប់ពីទទួលបាន យោបល់ពី ថ្នាក់លើ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ