CamNews

ព័ត៌មានជាតិ 

ចោរស្រីដៃឆើត ជំនាញខាងដើរ លួចទូរស័ព្ទ លើកនេះ ជាប់អន្ទាក់ កម្លាំងនគរបាល ម្តងទៀត

កំពត៖ ចោរស្រីដៃឆើតម្នាក់ ត្រូវបានកម្លាំង នៃការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត ចុះឃាត់ខ្លួនបាន នៅកន្លែងហាងលក់ទូរស័ព្ទដៃ ខាងជើងផ្សារសាមគ្គីទីរួមខេត្តកំពត ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃជិតត្រង់
ទី២៩ ខែកក្កដា ឆ្នាំ២០១៥។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បាននិយាយប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រោយពីមានខាងជនរងគ្រោះ ឲ្យជួយអន្តរាគមន៍ ថាមានចោរស្រីលួចទូរស័ព្ទរបស់ខ្លួន មកលក់នៅក្នុងហាងខាងលើនោះ ធ្វើឲ្យកម្លាំងចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនបានមុខសញ្ញាចោរភ្លាម ហើយក៏នាំខ្លួនមកសាកសួរ នៅឯការិយាល័យកណ្តាលព្រហ្មទណ្ឌ ដើម្បីឈានទៅចាត់ការតាមនីតិវិធីច្បាប់ ដោយឡែកម្ចាស់ហាងអ្នកលក់ទូរស័ព្ទ ក៏ត្រូវបានកម្លាំង អញ្ជើញនាំយកទៅធ្វើការសាកសួរផងដែរ។ ជនសង្ស័យមិនទាន់ ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ពីព្រោះកំពុងស្ថិតក្នុងដៃសមត្ថកិច្ចធ្វើការសាកសួរ។

ប្រភពបានឲ្យដឹងថា ចោរស្រីខាងលើនេះ មានជំនាញខាងលួចទូរស័ព្ទដៃ មិនថាទូរស័ព្ទរបស់កម្លាំងសមត្ថកិច្ច, មិនថារបស់អនុរក្សពន្ធនាគារ ឬប្រជាពលរដ្ឋ និងអ្នកជំងឺនានានោះទេ ហើយគេតែងតែដើរលួចទូរស័ព្ទ ដូចជានៅក្នុងស្នងការដ្ឋាន នគរបាលខេត្តក៏មាន លួចរបស់អនុរក្ស
ពន្ធនាគារ, លួចរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្តជាដើម ហើយកន្លងមកកម្លាំងសមត្ថកិច្ច ធ្លាប់ចាប់ខ្លួនចំនួន៥លើក រួចមកហើយដែរ តែមិនរៀងចាលទេ បន្តប្រព្រឹត្តរបៀបចោរកម្មបន្តទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kamport