CamNews

ព័ត៌មានជាតិ 

ទំនាស់ដីលំដ្ឋាន យកឡានបាំងផ្លូវ ភាគីម្ខាងក្ដៅ នាំកូនចៅ អ្នកជិតខាង លើកឡាន បោះទៅកណ្ដាលផ្លូវ

សៀមរាប : ទំនាស់ដីធ្លីលំនៅដ្ឋានដ៏រ៉ាំរ៉ៃមួយកន្លែង នៅចំកណ្ដាលក្រុងសៀមរាប បានធ្វើឲ្យ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់សមត្ថកិច្ចនិងអ្នកធ្វើដំណើរ ព្រមទាំងអ្នកជិតខាង គឺដោយសារភាគីម្ខាង យករថយន្ដ មកបិទផ្លូវ ច្រកចេញចូលផ្ទះរបស់ភាគីម្ខាងទៀត ស្ទើរពេញមួយយប់មួយថ្ងៃ ដោយសារភាពចង់ឈ្នះ មិនចង់ចាញ់ គ្នាទាំងផ្លូវតុលាការ និងក្រៅប្រព័ន្ធតុលាការ ។

ករណីនេះកើតឡើងដោយសារទំនាស់ដីលំនៅដ្ឋាន នៅជាប់គ្នាមួយកន្លែង នៅភូមិទ្រាំ សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ មានចម្ងាយប្រមាណ២០០ម៉ែត្រ ពីភ្លើងស្ដុបកោះកេរ្តិ៍ ខេត្តសៀមរាប ។

ដោយមើលឃើញនូវភាពមិនទំនង និងការអាងយ៉ាង មិនគោរពច្បាប់របស់ភាគីម្ខាងយ៉ាងដូច្នេះ អ្នកជិតខាង និងមិត្តកូនរបស់ភាគីម្ខាងទៀត ព្រមទាំងក្រុមគ្រួសាររបស់អ្នកម្ចាស់ដី លំនៅដ្ឋាន ដែលត្រូវគេយក រថយន្ដមក បិទផ្លូវមិនឲ្យចេញចូលផ្ទះរបស់ខ្លួននោះបាននាំគ្នីគ្នាមកលើករថយន្ដមួយគ្រឿងនោះ ចេញទៅដាក់បាំងនៅ ចំកណ្ដាលផ្លូវ ធ្វើឲ្យស្ទះចរាចរ និងរំខានដល់សមត្ថកិច្ចអស់រយៈពេលជាច្រើនម៉ោង នៅព្រលប់ថ្ងៃទី១៧ មីនា ២០១៤ ។

ចំពោះម្ចាស់រថយន្ដ ជាស្រ្ដីវ័យប្រមាណជាង៤០ឆ្នាំម្នាក់ ដែលនៅក្នុងហាងទល់មុខនោះដែរ មិនបានចេញ មកបើកយករថយន្ដចេញពីកណ្ដាលផ្លូវនោះទេ គឺក្រុមរបស់គាត់បានដាក់ម៉ាស៊ីនថតរូបសុវត្ថិភាព សំដៅមក រថយន្ដដែលខ្លួនបានដាក់បាំងផ្លូវច្រកចេញចូលផ្ទះភាគីម្ខាងទៀត ដើម្បីចាំចាប់យករូបភាព និងសកម្មភាពនានា របស់ភាគីម្ចាស់ផ្ទះ និងក្នុងគោលបំណង ដើម្បីយកជាភស្ដុតាង សម្រាប់ដាក់ ពាក្យបបណ្ដឹងទៅ សមត្ថកិច្ចទៅវិញ។

ភាគីខាងអ្នកដែលត្រូវគេយករថយន្ដមកបាំងផ្លូវច្រកចូលផ្ទះ និងក្មេងៗ ទំនងជាក្រុមនិស្សិត និងក្រុមយុវជន ប្រមាណជា ២០-៣០នាក់ ដែលត្រូវជាមិត្តភក្តិរបស់កូនៗ ខាងភាគីម្ខាង បាននាំគ្នីគ្នាស្រែកទទូច ទាមទាររកយុត្តិធម៌ និងបានស្រែកឌីដង ដៀមដាមឲ្យភាគីម្ខាងទៀតថា អាងតែខ្លួនជាអ្នកមាន មកធ្វើបាបអ្នកក្រ យកឈ្មោះអ្នកធំមកប្រើ គំរាមអ្នកទន់ខ្សោយ មកសុំដីគេស្នាក់នៅហើយយកដីគេ ធ្វើប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន ព្រមទាំងស្រែកខ្លាំងៗ ឲ្យភាគីម្ខាងទៀតថា បើគ្រាន់បើ ហ៊ានទៅស្បត់នៅវត្តកម្ម ដែលជាវត្តដ៏ស័ក្ដិសិទ្ធដែរឬទេ ហើយពួកគេបានស្រែក ទៅកាន់ភាគីម្ខាងទៀតថា ប្រាកដជាមិនហ៊ានទេ ។

លុះដល់រឿងកាន់តែក្ដៅទៅៗ ស្រីម្នាក់ដែលត្រូវជាប្រពន្ធរបស់ម្ចាស់រថយន្ដបានឡើងលើរថយន្ដម្ដង ជាពីរដងបម្រុងបើកចេញ តែត្រូវមន្ត្រីនគរបាលម្នាក់ឈរពាំងពីខាងមុខរថយន្ដមិនឲ្យបើកចេញ ព្រោះខ្លាចក្រែងបើកទៅមានគ្រោះថ្នាក់ដល់អ្នកដទៃដោយចៃដន្យ ឬក្នុងចេតនាណាមួយ ។ ម្យ៉ាងរឿងរ៉ាវដល់ដំណាក់កាលនេះហើយ មន្ត្រីនគរបាលទាំងនោះ ចាំសុំយោបល់ថ្នាក់លើជាមុនសិន ។ លុះក្រោយមកគេក៏ឃើញមានវត្តមានរបស់លោក សូរ ប្លាតុង អភិបាលរងក្រុងសៀមរាប និងលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តមកធ្វើអន្តរាគមន៍។

ស្រ្ដីម្នាក់ដែលត្រូវជាម្ចាស់រថយន្ដ និងជាភរិយាម្ចាស់ដីលំនៅដ្ឋានមានទំនាស់ ដែលត្រូវបានគេសរសេរ ឈ្មោះបិទ នៅនិងខាងក្រោយរថយន្ដថា "ឡានអ្នកមាន មិនឲ្យអ្នកក្រចេញចូល ម្ចាស់ឡាន មានឈ្មោះ ហង្ស សុវណ្ណា និង ស៊ឹង សុធី" ហើយជាអ្នកដែលត្រូវភាគីម្ខាងទៀតនិយាយថា ជាអ្នកដែលសុំដីគេស្នាក់នៅ ហើយ យកគេធ្វើ ជាកម្មសិទ្ធិខ្លូននោះបានឲ្យដឹងថា គាត់នឹងធ្វើឲ្យឈ្នះ ហើយគាត់នឹងប្ដឹងបន្តនៅថ្ងៃស្អែកនេះ ។

ចំពោះភាគីម្ខាងទៀត ដែលអះអាងថាគេរំលោភយកដីនោះ គឺមានស្រ្ដីជាប្រពន្ធ និងប្ដី ព្រមទាំង កូនៗរួម ជាមួយមិត្តភក្ដិ របស់កូនៗគាត់ជាច្រើននាក់ ក្នុងនោះក៏មានអ្នកជិតខាងខ្លះៗដែរ បានស្រែកទាមទារ សុំរកយុត្តិធម៌ និងសុំឲ្យមានអន្តរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរក និងផ្ដល់យុត្តិធម៌ ជូនក្រុមគ្រួសារគាត់ផង ។

បងស្រីដែលត្រូវជាប្រពន្ធ និងជាម្ចាស់រថយន្ដ បាននិយាយថា ការយករថយន្ដបិទផ្លូវនេះ ព្រោះម្ចាស់ផ្ទះនោះ បានធ្វើរបងបិទផ្លូវមិនឲ្យគាត់ចូលទៅក្នុងផ្ទះ និងដីរបស់គាត់ នៅខាងក្រោយនោះដែរ ទើបគាត់យករថយន្ដ មកបិតផ្លូវវិញ តែពេលនេះគេបានយករថយន្ដគាត់ចេញ ដូច្នេះគាត់មិនព្រមចាញ់ទេ គាត់នឹងធ្វើអ្វីទៀត គាត់បញ្ជាក់ថា គាត់នឹងធ្វើឲ្យឈ្នះគ្រួសារមួយហ្នឹង ។

ចំពោះភាគីដែលត្រូវបានគេយករថយន្ដមកចតបាំងផ្លូវមិនឲ្យចូលផ្ទះបាននោះ គឺប្ដីមានឈ្មោះ អ៊ឹង ហុង អាយុ ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ដួង ប៊ិច ៥១ឆ្នាំ ពួកគាត់បានចោទប្រកាន់ថា ភាគីជម្លោះ ជាអ្នករំលោភ យកដីរបស់ ពួកគាត់ ដោយលួចទៅធ្វើប្លង់មិនឲ្យពួកគាត់ដឹងឡើយ ។

ក្នុងជម្លោះដីធ្លី លំនៅដ្ឋានរ៉ាំរ៉ៃនេះ មានអ្នកជិតខាងពីរ បីនាក់ បានត្រឹមតែខ្សឹមខ្សៀវគ្នាថា មិនគួរមកធ្វើបែប នេះសោះ ដល់ថ្នាក់យករថយន្ដ មិនបិទផ្លូវចូលផ្ទះគេ ហើយយកឈ្មោះអ្នកធំមកប្រើ មិនខ្លាចញញើត ចំពោះ សមត្ថកិច្ច មិនខ្លាចច្បាប់យ៉ាងនេះ ម្យ៉ាងកន្លងទៅធ្លាប់សុំដីគេរស់នៅ ហើយបែជាយកដី គេជាកម្មសិទ្ធិ ផ្ទាល់ខ្លួនទៀត ម៉ាពេលងាប់ទៅមិនយកអ្វីទៅបានផងហ្នឹង ខំអីម្លេះ ។

រឿងរ៉ាវទំនាក់ដីលំនៅដ្ឋាននេះ បច្ចុប្បន្នគឺត្រូវបានភាគីខាង លោក អ៊ឹង ហុង បានដាក់ពាក្យប្ដឹងជំទាស់ ទៅសាលាឧទ្ទរណ៍ រាជធានីភ្នំពេញ ។ ហើយក្រុមគ្រួសាររបស់គាត់ បានលើកដៃសំពះទាមទារសុំរកយុត្តិធម៌ ពីអាជ្ញាធរ សមត្ថកិច្ច និងពិសេសពួកគាត់បានសុំក្ដីមេត្តា ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ក្នុងការជួយរកយុត្តិធម៌ ជូនដល់ក្រុមគ្រួសាររបស់គាត់ ផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news