ភ្នំពេញ ៖ អំពើហិង្សា ក្នុងគ្រួសារមួយបានកើតឡើង រវាង ប្អូនប្រុសបង្កើត ផឹកស្រាស្រវឹង ទាញកាំបិត កាប់យ៉ាងសាហាវ លើបងស្រី ខ្លួនឯង ចំនួន៣កាំបិតផ្គាក់ ស្លាប់ក្នុងថ្លុកឈាម ព្រោះតែជម្លោះដណ្ដើមកេរ គ្នា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៦និង៣០ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ស្ថិតក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ប្អូនប្រុសជាជនល្មើស មានឈ្មោះ បាន វុត្ថា ហៅនាង អាយុ២៥ ឆ្នាំ មានមុខរបរជាកម្មករសំណង ចំណែកជនរងគ្រោះជាបងស្រីមានឈ្មោះ បាន អៀងនាង អាយុ៣៥ ឆ្នាំ មានកូន៥ក្នុងបន្ទុក មានមុខរបរជាមន្ត្រីពេទ្យអង្គការ ទឹកចិត្តម្តាយ អ្នកទាំងពីររស់នៅកន្លែងកើតហេតុ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយកាប់ប្រហារបងស្រីរួចមក ជនល្មើសជាប្អូន បានរត់ចូលព្រៃ ប៉ុន្តែត្រូវសមត្ថកិច្ច តាមចាប់បាននាម៉ោងប្រមាណ១០ យប់ថ្ងៃដដែល ។
បច្ចុប្បន្នជនសង្ស័យជាប្អូន ត្រូវបាននគរបាលសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌចង្វារ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងចាត់ការបន្ត ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល