ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីពន្ធនាគារមួយរូប បានលួចបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានសម្រេច ចេញដីកាដោះលែងឪពុកម្ដាយ ថោង សារ៉ាត់ ចេញពីពន្ធនាគារ នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីមជ្ឈដ្ឋានជាច្រើន។
មន្ដ្រីពន្ធនាគាររូបនេះ បានបន្ដទៀតថា ក្រោយពីទទួលបានដីកា បញ្ជាឱ្យដោះលែងឪពុកម្ដាយ ថោង សារ៉ាត់ គឺលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ចេញពីពន្ធនាគារព្រៃស នោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនដឹងជាមានមូលហេតុ អ្វីនោះទេ ពីព្រោះជនជាប់ចោទទាំងពីរនាក់ ត្រូវបានសាលាឧទ្ធរណ៍បដិសេធឱ្យនៅក្រៅឃុំ កាលពីពេល កន្លងទៅថ្មីៗនេះ ក្រោយពីមេធាវីជនជាប់ចោទប្ដឹង សុំឱ្យនៅក្រៅឃុំនោះ។
យ៉ាងណាក៏ដោយ គេពុំទាន់ ដឹងពីមូលហេតុពីមូលហេតុពិតប្រាកដយ៉ាងណា នៃការដោះលែងឪពុកម្ដាយរបស់ ថោង សារ៉ាត់ ដែល ត្រូវបានចោទប្រកាន់ ជាមេឃាតកនៅពីក្រោយខ្នង នៃការសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីចុងឆ្នាំ២០១៤កន្លងទៅ។ ឪពុកម្ដាយថោង សារ៉ាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ដោយជាប់ ពាក់ព័ន្ធការលាក់អាវុធខុសច្បាប់ និងរារាំងប្រតិបត្ដិការរបស់កម្លាំងសមត្ថកិច្ច ហើយប្រតិបត្ដិការចុះ ឆែកឆេរផ្ទះរបស់ពួកគេទាំងពីរនាពេលកន្លងទៅនោះ សមត្ថកិច្ចបានរកឃើញកាំភ្លើងរហូតទៅដល់ ១០ដើម ដែលពុំមានលិខិតស្នាមប្រើប្រាស់ ។
យ៉ាងណាក៏ដោយ រហូតមកដល់វេលាម៉ោង ៧និង៣៥នាទី យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌលព័ត៌មានដេិមអម្ពិល មិនទាន់អាចសុំការបកស្រាយ ភ្លាមៗ ពីលោកចៅក្រម លី សុខឡេង បាននៅឡើយទេ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល