CamNews

ព័ត៌មានជាតិ 

អ្នកនេសាទខ្មែរ ឃាត់ទូក នេសាទវៀតណាម ៣គ្រឿង នៅជិតកោះការាំង

កំពត៖ ប្រជានេសាទប្រមាណ ២០០នាក់ រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានប្រើ ទូកនេសាទរបស់ខ្លួនប្រមាណជា ១០០ទូក ទៅឡោមព័ទ្ធចាប់ទូកឣូសគូររបស់ជនជាតិវៀតណាម ៣គ្រឿង ចូល ទៅនេសាទដែនសមុទ្រខ្មែរខុសច្បាប់ និងឃាត់ខ្លួនជនជាតិវៀតណាម លើទូក ១៤នាក់ ខណៈកំពុងធ្វើសកម្មភាព ឣូសនៅក្នុងចំណុចខាងជើងកោះការាំង ចម្ងាយពីមាត់សមុទ្រប្រមាណ ១.០០០ម៉ែត្រ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំ គ្រៀល ស្រុកទឹកឈូ ខេត្តកំពត កាលពីម៉ោង១១យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។

ក្រុមប្រជានេសាទ ដែលចុះទៅឃាត់ទូកនេសាទវៀតណាមនោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា ទូកចាប់បានទាំង ៣គ្រឿងខាងលើ  ក្រោយពីប្រជានេសាទចាប់បានហើយ ក៏ឣូសនាំទូកល្មើសទៅរក្សាទុកនៅ ព្រែកភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

ប្រជានេសាទដដែលបានបន្តថា ទូក២គ្រឿងនាំយកទៅរក្សាទុកនៅជិតកំពង់ផែដូនតោក និង១គ្រឿងទៀត រក្សា ទុកនៅខាងកើតភ្នំដូង។ បច្ចុប្បន្នសហគមន៍នេសាទរង់ចាំប្រគល់ឲ្យជំនាញជលផល ដើម្បីចាត់ការទៅតាមច្បាប់។

ទូកប្រភេទឣូសគូរ របស់ជនជាតិវៀតណាម ទាំង ៣គ្រឿងនោះ មានលេខសម្គាល់ KG 91711 TS, KG 91511  TS  និង KG  92725  TS។

ទាក់ទិនករណីទូកល្មើសខាងលើ លោក ស សុរិន្ទ នាយខណ្ឌរដ្ឋបាលជលផលកំពត បានប្រាប់ឲ្យមជ្ឈមណ្ឌលព័ត៌  មានដើមឣម្ពិលឲ្យដឹងនៅម៉ោង៨ និង៣៨នាទីព្រឹកថ្ងៃទី៥ ខែឧសភា ថា ករណីចាប់ទូកវៀតណាមខាងលើ ដោយ  សារមានការសហការគ្នារវាងជលផល និងសហគមន៍ឣ្នកនេសាទខាងលើ លោកតែងតែចាត់តាំងកម្លាំងបង្កប់នៅ ក្នុងសហគមន៍ ដើម្បីផ្តល់ព័ត៌មានមកឲ្យលោកនៅពេលណាមានកើតករណីទូកនេសាទល្មើសដូចខាងលើ និង ល្មើសផ្សេងៗទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news