ភ្នំពេញ៖ អតីតមេដឹកនាំកំពូលៗ ក្នុងរបបខ្មែរក្រហម ពីររូបគឺលោក នួន ជា និងលោក ខៀវ
សំផន បានប្រកាស សុំទោសដល់ ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ នៅក្នុងរបបកម្ពុជា
ប្រជាធិបតេយ្យ នូវកំហុសឆ្គងដែល ខ្លួនបានប្រព្រឹត្តិ។
លោក នួន ជា អតីតប្រធានសភាប្រជាជននៃ របបកម្ពុជាប្រជាធិបតេយ្យ ជាអនុលេខាបក្សនៃ
បក្សកុម្មុយនីស្ត កម្ពុជា បាននិយាយដោយ សំឡេងច្បាស់ៗនៅក្នុង បន្ទប់សវនាការ នៃអង្គជំនុំ
ជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា រឺហៅសាមញ្ញថា តុលាការខ្មែរក្រហម នាថ្ងៃទី៣០ ខែឧសភា
ឆ្នាំ២០១៣នេះថា ខ្លួនសុំទទួលខុសត្រូវទាំងអស់ នូវអ្វីដែលបានកើតមាន កន្លងមក ក្នុងសម័យ
កម្ពុជា ប្រជាធិបតេយ្យ ហើយក៏មិនគេចវេសទៅណានោះទេ ហើយ ចំពោះខាងផ្លូវចិត្តលោក
ទទួលខុសត្រូវទាំងអស់ ដោយស្មោះអស់ពីចិត្តផងដែរ។
បងធំទី២រូបនេះ បញ្ជាក់ថា ក្នុងឋានៈជាសមាជិកម្នាក់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ លោក
ហ៊ានទទួល ខុសត្រូវ បើទោះបីជាលោកបានប្រព្រឹត្តិដោយផ្ទាល់ឬមិនដោយផ្ទាល់ក៏ដោយ តែ
លោកសោកស្តាយជាខ្លាំង ចំពោះព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងដោយចេតនាឬអចេត
នា បើទោះបីជាលោកបានដឹង ឬមិនដឹងក៏ ដោយ ដោយលោកសុំទទួលខុសត្រូវទាំងអស់។
លោក នួន ជា បន្តថា«ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមមរណទុក្ខ ការសោកស្តាយចំពោះការបាត់
បង់ គ្រួសារសាច់ ញាតិឪពុកម្តាយនៃដើម បណ្តឹងនិងក៏ដូចជាសាច់ឈាមរបស់ខ្ញុំ»។
លោក នួន ជា និយាយថា «ខ្ញុំសូមចូលរួមមរណទុក្ខ» ដល់សាច់ញាតិឪពុកម្តាយ នៃដើមបណ្តឹង
និង «ក៏ដូចជា សាច់ឈាម របស់ខ្ញុំ»។
រីឯលោក ខៀវ សំផន ក៏បានថ្លែងនូវការសុំទោស ដល់តំណាងដើមបណ្តឹង រដ្ឋប្បវេណីដែរថា
«ជាថ្មីម្តងទៀតខ្ញុំ សុំទោស លោកនិងប្រជាជនខ្មែរយើងទាំងមូលដែលរងគ្រោះ ដោយសូមលំ
ឱនកាយគោរព ដល់សាច់ញាតិឪពុក ម្តាយ បងប្អូនដែលបានចាកឋានទៅក្នុងក្តីឈឺចាប់ខ្លោច
ផ្សារកនិយាយមិនបាន»។
លោកបន្តថា លោកមិនមែនជាអ្នកមនោគមន៍វិជ្ជានោះទេ ហើយលោកក៏ជាអ្នកមានឧត្តមគតិ
ស្នេហាជាតិ ធ្វើយ៉ាង ណារួមចំណែកកសាងប្រទេសកម្ពុជា ឲ្យបានរីកចម្រើនជឿនលឿន និង
ការពារប្រទេសកម្ពុជាឲ្យបានគង់វង្ស។ លោកមានការសោកស្តាយជាខ្លាំង ដូច្នោះត្រូវតែចាប់
ស្តេចក្រាញ់ ដែលបានប្រព្រឹត្តិអំពើ ឃោរឃៅឆ្កួតលេលា ទាំងនោះយកមកផ្តន្ទាទោស ឲ្យសក្តិ
សមទៅតាមភាព ឃោរឃៅរបស់ពួកគេ។
របបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានគេស្តីបន្ទោសថា បានជន្លៀស កាប់សម្លាប់ប្រជាពលរដ្ឋ
កម្ពុជាស្លូតត្រង់ ជិត៣ លាននាក់ ព្រមទាំងបង្អត់អាហារ និងបង្ខំឱ្យធ្វើការហួសកម្លាំង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល