កណ្ដាល ៖ អំពើឃាតកម្ម បាញ់សម្លាប់ ទៅលើបុគ្គលិក ដែលមានតួនាទីជាអ្នកដើរ ប្រមូលលុយ
ឱ្យក្រុមហ៊ុនឯកជនមួយ បាន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំ ណាក់ប្រជាពលរដ្ឋ ធ្វើ
ដំណើរតាមផ្លូវ និង សមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីគេបានឃើញ បុរសម្នាក់ ត្រូវបានគេបាញ់ចំក្បាល
រួចហើយ ទម្លាក់ចេញពីរថយន្ដឆ្លាម ១គ្រឿង នៅជិត ស្ពានព្រែកហូរ លើកំណាត់ផ្លូវជាតិលេខ ២
ក្នុងភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីវេលាម៉ោងប្រមាណ ៣ និង៥០
នាទីរសៀល ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៣ ។
មេបញ្ជាការអាវុធហត្ថ ខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ មាស សុវណ្ណ បានប្រាប់ មជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិល តាមទូរ ស័ព្ទ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៣ នេះថា ជនរងគ្រោះ
ឈ្មោះ ទាវ វិចិត្រ អាយុជាង ២០ឆ្នាំ មុខរបរ ជាអ្នក ដើរប្រមូលលុយ ឱ្យក្រុមហ៊ុនឯកជនមួយ និង
មានស្រុកកំណើត នៅខេត្ដកណ្ដាល ហើយបច្ចុប្បន្នសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច ប្រគល់
ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
លោកឧត្ដមសេនីយ៍ មាស សុវណ្ណ បាន ថ្លែងថា បើតាមសាក្សីមុនពេលកើតហេតុ ជនរងគ្រោះ
ត្រូវបានជនសង្ស័យម្នាក់បាន ប្រើកាំភ្លើងបាញ់ចំក្បាល បណ្ដាលឱ្យស្លាប់ ភ្លាមៗ រួចហើយរុញ
ទម្លាក់ចេញពីរថយន្ដ ឆ្លាម ពណ៌ត្រីឆ្លូញ នៅជិតស្ពានព្រែកហូរ។
លោកបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាព ប្រើប្រាស់កាំភ្លើង កា ៥៩ បាញ់ចំក្បាលជន រងគ្រោះ
រួចមក ជនសង្ស័យមិនបានបើក រថយន្ដចេញពីកន្លែងកើតហេតុទាន់នោះទេ ពោលបានឡើង
ជិះម៉ូតូ ជាមួយបក្ខពួករបស់ ខ្លួនម្នាក់ទៀត ដែលធ្វើដំណើរពីក្រោយ រថយន្ដ ដូច្នេះតាមការ
សន្និដ្ឋានជាជំហាន ដំបូង ជនសង្ស័យអាចមានគ្នា ២នាក់ ។
បើ តាមមេបញ្ជាការអាវុធហត្ថ ខេត្ដកណ្ដាល អំពើឃាតកម្មខាងលើនេះ សង្ស័យបណ្ដាល ចេញ
មកពីគម្រោងការប្លន់ ទុកជាមុន ប៉ុន្ដែ ករណីនេះ ស្ថិតក្រោមការស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់
ពីសមត្ថកិច្ចខេត្ដកណ្ដាល ដើម្បីឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ទាំងនោះ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល