CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ ១គ្រួសារ ដេកភ័យ ដោយជនល្មើស បោះពាក្យថា លើកនេះ កាត់សសរផ្ទះ លើកក្រោយ កាត់ក្បាល

កោះកុង ៖  ប្រជាពលរដ្ឋ១គ្រួសារ រួមទាំងអ្នកស្រុក ១៣៥គ្រួសារ ដែលស្ថិតនៅភូមិគគីរ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្ដកោះកុង ដេកព្រួយបារម្ភ ភ័យខ្លាច ដោយជនល្មើស ដែលកាត់សសរផ្ទះរបស់គាត់ ជាប្រភេទសសរគ្រញូងអស់ ៣ដើម ក្រោយពីរក ឃើញនិងដាក់ពាក្យបណ្ដឹងទៅសម្ថតិកិច្ច ដើម្បីធ្វើការដកហូត ហើយចាប់ខ្លួនជនល្មើស មកផ្ទន្ទាទោសនោះ តែសមត្ថកិច្ច មិនធ្វើការចាប់ខ្លួន ទុកឱ្យជនល្មើសបានរួចខ្លួន ហើយធ្វើការគំរាមគំហែក មកលើក្រុមគ្រួសារគាត់រាល់ថ្ងៃថា ថ្ងៃណាមួយអញ នឹងកាត់ក្បាលមនុស្សទៀត។

ដោយមានការភ័យខ្លាច និងពាក្យគំរាមគំហែងរបស់ជនល្មើស ព្រមទាំងសមត្ថកិច្ច មិនព្រមធ្វើការឱ្យគាត់នោះ ទើបគាត់ សម្រេចចិត្ដមកជួបក្រុមអ្នកកាសែត ដើម្បីជួយផ្សព្វផ្សាយនូវការគំរាមគំហែង របស់ជនល្មើស ហើយនិងការឃុបឃិតរបស់ សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដជាមួយជនល្មើស ទើបមិនធ្វើការចាប់ខ្លួនជនល្មើស ទុកឱ្យជនល្មើសដើរ និយាយឌឺដងរាល់ថ្ងៃ បង្កឱ្យប្រជាពលរដ្ឋនៅក្នុងភូមិ មានការភ័យខ្លាចរាល់ថ្ងៃ ទើបនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៤ គាត់សម្រេចចិត្ដ មកជួបក្រុមសារព័ត៌មាន ហើយមានឯកសារមកជាមួយផង។

នៅក្នុងឯកសារសំណើ ឱ្យជួយផ្សព្វផ្សាយពីលោកវរសេនីយ៍ទោ ឡាយ ម៉េងឡាំង នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកោះកុង។ យោងទៅតាមមាត្រា៥៦, ៧៤ និងមាត្រា ៧៥,នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

នៅក្នុងឯកសារ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នៅពេលយប់ មានគេលួចកាត់សសរផ្ទះ សម្រាប់ឱ្យ កម្មករដេកចាំមើលគោ អស់ចំនួន៣ដើម ជាប្រភេទឈើគ្រញូង ហើយខ្ញុំបាទបានប្ដឹង ទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឫស្សីជ្រុំ នៅក្នុងព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ ដើម្បីចាប់ខ្លួនជនល្មើស បញ្ជូនទៅតុលាការតាមផ្លូវច្បាប់ លុះដល់ម៉ោង ១,២០នាទី រសៀល ខ្ញុំបាទបានទទួលទូរស័ព្ទ ពីឈ្មោះ ឃុន ពិសិទ្ធ ប្រាប់ឱ្យគាត់ទៅមើលឈើ ដែលគាត់ទិញពីឈ្មោះ គី យឿត (ហៅ ម៉ុះ ) ជាជនល្មើស ដោយមន្ដ្រីនគរបាលរដ្ឋបាលប៉ុស្ដិ៍ឫស្សីជ្រុំ ធ្វើកំណត់ហេតុដកហូតឈើ ទុកជាភស្ដុតាងនៅទីនោះផងដែរ នា ថ្ងៃដដែល។

ចាប់ពីពេលដែលខ្ញុំបាទ បានដាក់ពាក្យបណ្ដឹង ជូននគរបាលប៉ុស្ដិ៍ឫស្សីជ្រុំ និងធ្វើការដកហូតឈើទុកជាវត្ថុតាង រួចមកជន ល្មើសឈ្មោះ គី យឿត (ហៅម៉ុះ) និងគូកនរត់គេចខ្លួន រស់នៅដោយមានសេរីភាពយ៉ាងពេញលេញ ប្រកបដោយឫកពារក្រអឺតក្រទម ប្រើអំណួតអួតអាង ប្រើពាក្យសម្តីឡែបខាយផ្លែផ្កាឌឺដង និងធ្វើការគំរាមគំហែង បំភិតបំភ័យអំពីសុវត្ថិភាព ផ្ទាល់ខ្លួនរបស់ខ្ញុំ ជាហេតុធ្វើឱ្យខ្ញុំ ទទួលនូវរងការភ័យខ្លាច និងរងការឈឺចាប់មិនអាចអត់ទ្រាំ ទើបធ្វើពាក្យបណ្ដឹង ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ គោរពជូនលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដកោះកុង ជាអាជ្ញាធរមានសមត្ថកិច្ច។  នៅពេល ឃើញពាក្យបណ្ដឹងខ្ញុំ ចូលដល់ព្រះរាជអាជ្ញា ទើបលោក ឡាយ ម៉េងឡាំង ជាអ្នកបង្កប់រឿងចោល មិនព្រមលើកមកចាត់ការ ប្រញាប់ប្រញាល់បញ្ជូនសំណុំរឿង ដែលមានដីការអមលេខ០៣៥ របក ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៤ គោរពជូនលោក ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកោះកុង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៤។

ក្នុងឯកសារបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃដែលខ្ញុំបាទ បានដាក់ពាក្យបណ្ដឹង ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ គោរពជូន នគរបាលប៉ុស្ដិ៍ឫស្សីជ្រុំ រហូតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ទើបលោកវរសេនីយ៍ទោ ឡាយ ម៉េងឡាំង លើករឿងមក ចាត់ការ បញ្ជូនសំណុំរឿងជូនលោកព្រះរាជអាជ្ញា នេះបញ្ជាក់ឱ្យឃើញថា មានរយៈពេលទៅដល់៦០ថ្ងៃ នេះជាទង្វើមិនប្រក្រតី មួយ ព្រោះការបណ្ដែតបណ្ដោយ អូសបន្លាយពេលវេលា គឺជាការផ្ដល់ពាន់រង្វាន់ លើកទឹកចិត្ដដល់ជនល្មើស ឈ្មោះ គី យឿត (ហៅម៉ុះ) និងគូកន ឱ្យកាន់តែមានឱកាសរកគន្លឹះដោះសារ យករួចខ្លួន និងរត់គេចខ្លួន រួចផុតពីការផ្ដន្ដាទោសតាមផ្លូវច្បាប់ ហើយជនល្មើសទាំងនោះ ទទួលបាននូវបទពិសោធន៍ និងបានចិត្ដហ៊ានប្រព្រឹត្ដ អំពើល្មើសថ្មីៗទៀត កាន់តែច្រើនឡើងៗ ក៏ដោយសារមន្ដ្រីនគរបាល មានរូបលោកឡាយ ម៉េងឡាំង ដែលជាបុគ្គលគ្មានស្មារតី និងឆន្ទៈគោរព តាមគោលការណ៍ អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាលឡើយ បានជាកើតឱ្យមានការបំពានតាមមាត្រា ៥៦,៧៤ និងមាត្រា៧៥ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ថា ជនរងគ្រោះដេកព្រួយបារម្ភ ដែលជនល្មើសគំរាមកាត់ក្បាលនោះ មានឈ្មោះ វាឡ វៃ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមេការថែរក្សាចំការ មានទីលំនៅភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្ដកោះកុង។ ទាក់ទងករណីខាងលើនេះ សារព័ត៌មាន ដើមអម្ពិល បានទូរស័ព្ទទៅលោក ឡាយ ម៉េងឡាំង តែទូរស័ព្ទត្រូវបានបិទ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news