CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ បើកម៉ូតូលឿន បុករថយន្ត លុច្សស៊ីស ពីក្រោយ ឆ្លងចរន្តភ្លើង ឆេះម៉ូតូខ្ទេច រងអ្នកបើកម៉ូតូធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរមួយបង្កឡើង ដោយបុរសម្នាក់ បើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុក ពីក្រោយរថយន្តលុច្សស៊ីស កំពុងឈប់ចាំភ្លើងស្តុប បណ្តាលម៉ូតូឆ្លងភ្លើង ឆាបឆេះម៉ូតូខ្ទេច រងរបួសអ្នកបើកម៉ូតូធ្ងន់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោងជាង ២២និង១០នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចភ្លើងស្តុប មន្ទីរពេទ្យព្រះអង្គឌួង ផ្លូវលេខ១១៤ កែងផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូម៉ាក SUZUKI HAYATE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD.0040 បើកតាមផ្លូវលេខ១១៤ (ផ្លូវក្រមួនស) ក្នុង ទិសដៅពីលិច ទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក្បែងមន្ទីរពេទ្យព្រះអង្គឌួង ក៏បាន បុកពីក្រោយរថយន្តលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-1011 ដែលកំពុងឈប់រង់ ចាំភ្លើងស្តុបពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូបោកក្បាលនឹងកញ្ចក់រថយន្ត ចំណែកម៉ូតូបានឆ្លងចរន្ត ភ្លើង ឆាបឆេះយ៉ាងសន្ធោរសន្ធៅ បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ ភ្លាមៗនោះ ប្រជាពលរដ្ឋនៅជិត ខាង បានយកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ភ្លើង និងជួយយកជនរងគ្រោះ ចេញពីម៉ូតូ ហើយ រថយន្ត សង្គ្រោះមកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន សហការជំនាញចរាចរ ចុះមកយកម៉ូតូ និងរថយន្ត ទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក ដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news