CamNews

ព័ត៌មានជាតិ 

សំណុំរឿង មន្ដ្រី អ ហ ប្រើកូនស្រី ជានុយ ស្ទូចយកដី ខាងដន្លង ឡើងដល់ តុលាការកំពូល

កំពង់ស្ពឺ ៖ សំណុំរឿងដណ្ដើមដី តាមរយៈការប្រើកូនស្រី របស់ខ្លួនឱ្យទៅរៀបការ ជាមួយខាង
ប្រុស ប៉ុន្ដែចុងក្រោយ យកកូនស្រីត្រឡប់ទៅវិញ ហើយរឹបអូសយកដីនិងផ្ទះ សម្បែង ដែលមាន
ទីតាំង ស្ថិតនៅភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ នោះ ឥឡូវបានឈានទៅ
ដល់ដៃ តុលាការកំពូលហើយ ដោយសារ តែខាងមន្ដ្រីអាវុធហត្ថ ដែលកំពុងរំលោភយកដី ខាង
ដន្លងនោះ បានចាញ់ក្ដីនៅ សាលាដំបូងខេត្ដកំពង់ស្ពឺ រួចហើយចាញ់ក្ដី នៅសាលាឧទ្ធរណ៍ថែម
ទៀត ក្រោយពីបាន ដាក់ពាក្យបណ្ដឹង ជំទាស់ការសម្រេចរបស់ តុលាការ ខេត្ដកំពង់ស្ពឺរួចមក ។

បើទោះបីសាលាឧទ្ធរណ៍បានសម្រេចឱ្យ ភាគីខាងមន្ដ្រីអាវុធហត្ថ ដែលមានអំណាច និងមាន
ឥទ្ធិពលនៅ តំបន់ត្រែងត្រយឹង ចាញ់ក្ដី ហើយត្រូវប្រគល់ដី និងផ្ទះទៅឱ្យភាគីម្ខាងទៀត ដែល
ជាដន្លងនោះ ក៏ដោយ ប៉ុន្ដែរហូតមកដល់ពេលនេះ ខាងមន្ដ្រីអាវុធហត្ថខាងលើ មិនត្រឹមតែមិន
អនុវត្ដតាម សេចក្ដីសម្រេចរបស់ សាលាឧទ្ធរណ៍នោះទេ ថែមទាំងបន្ដរស់នៅ លើដីនោះ និង
នាំបងប្អូន មករស់នៅកាន់តែច្រើន ឡើង ។

ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកស៊ា ចាន់នី អាយុ៥១ឆ្នាំ ដែលជាភាគី រងគ្រោះ
ចាញ់បោកអស់ដី អស់ផ្ទះ និងថ្លៃទឹកដោះ មន្ដ្រីអាវុធហត្ថ ឈ្មោះខៀវ រិទ្ធី តាមរយៈការភ្ជាប់
សាច់ ឈាម រៀបការកូនជា មួយ គ្នានោះ បានអំពាវនាវដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក៏ដូច
ជាអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ជួយអន្ដរាគមន៍ ក្នុងរឿងរំលោភ យកដីធ្លីទាំងស្រស់នេះផង
ដោយសារតែលោកខៀវ រិទ្ធី និងប្រពន្ធឈ្មោះសុខ សម្បត្ដិ មិន ព្រមអនុវត្ដ តាមការសម្រេច
របស់សាលាដំបូងខេត្ដកំពង់ស្ពឺ និងការសម្រេចរបស់ សាលាឧទ្ធរណ៍ ។

យោងតាមការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលមានលោកអ៊ុំ សារិទ្ធ ជាប្រធានអង្គ ជំនុំ
ជម្រះ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ បានច្រានចោលបណ្ដឹងឧទ្ធរណ៍ របស់ឈ្មោះ
ខៀវ វ៉ែនអ៊ី ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ ត្រូវជាកូនស្រី របស់មន្ដ្រី អាវុធហត្ថរូបនេះ ហើយ
បានសម្រេចតម្កល់ សាលក្រមរបស់សាលាដំបូង ខេត្ដកំពង់ស្ពឺ។

លោកស៊ា ចាន់នី បានបន្ដថា ក្រោយពីសាលាឧទ្ធរណ៍ សម្រេចឱ្យលោកឈ្នះក្តីរួចមក ស្រាប់
តែភាគីខៀវ រិទ្ធី មិនសុខចិត្ដ ហើយបន្ដដាក់ពាក្យបណ្ដឹង ទៅតុលាការកំពូលថែមទៀត នៅ
ក្នុងរឿងនេះ ប៉ុន្ដែលោកមិន ដឹងថា តើតុលាការកំពូល នឹងកោះអញ្ជើញលោក ទៅសាកសួរ
នៅថ្ងៃណានោះឡើយ ។

សូមបញ្ជាក់ថា សំណុំរឿង ដែលមន្ដ្រី អាវុធហត្ថ យកកូនស្រី ធ្វើជានុយស្ទូចយកដី និងផ្ទះ
ដន្លង ខាងលើនេះ ធ្វើឱ្យមានការ ភ្ញាក់ផ្អើលនិងហួសចិត្ដយ៉ាងខ្លាំង ពីសំណាក់ ប្រជាពលរដ្ឋ
នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប៉ុន្ដែគ្មាននរណាម្នាក់ អាចចេញមុខជួយដោះ
ស្រាយ ក្នុងរឿងនេះ បានឡើយ ព្រោះតែលោកខៀវ រិទ្ធី អាងជាមន្ដ្រីអាវុធហត្ថ មានឥទ្ធិពល
និងអំណាចនៅ តំបន់នោះ និងមានខ្សែ ស្រឡាយ របស់ខ្លួន ឈ្មោះគ្រុយ ដែលមានឥទ្ធិពល
នៅតំបន់នោះផងដែរ ។

លោកស៊ា ចាន់នី អាយុ៥១ឆ្នាំនិង ភរិយា ឈ្មោះ ឡុង ម៉ុយឡេង អាយុ ៤៨ឆ្នាំ មុខរបរ ជាកសិករ
រស់នៅក្នុងភូមិឃុំកើតហេតុខាង លើ ហើយត្រូវភាគីម្ខាងបោកបញ្ឆោតយកដី តាមរយៈសុំធ្វើ
ជាដន្លង បានរៀបរាប់ ពីដំណើររឿង ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា កាលពីអំឡុង
ឆ្នាំ២០១២ ប្ដីប្រពន្ធពីរ នាក់ ដែលប្ដីមានឈ្មោះខៀវ រិទ្ធី និងប្រពន្ធ ឈ្មោះសុខ សម្បត្ដិ រស់នៅ
ភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានសុំរូបគាត់ធ្វើដន្លងជាមួយគ្នា ដោយសារ
តែពួកគេ មានកូនស្រីឈ្មោះខៀវ វ៉ែនអ៊ី អាយុ១៧ឆ្នាំ ជាមួយ នឹងកូនប្រុសរបស់គាត់ ឈ្មោះ ម៉ី
រិទ្ធា អាយុ១៩ឆ្នាំ។

លោក ស៊ា ចាន់នី បានបន្ដថា នៅពេលនោះ លោកខៀវ រិទ្ធី ដែលជាមន្ដ្រីអាវុធហត្ថ ប្រចាំការ
នៅប៉ុស្ដិ៍ ត្រែងត្រយឹងនោះ បានប្រាប់លោកពីការជាប់សាច់ ជាប់ឈាម ធ្វើដន្លងជាមួយគ្នា ដោយ
បុគ្គលរូបនេះប្រាប់ ឱ្យលោក ចេញដី រីឯពួកគេចេញលុយថ្លៃធ្វើផ្ទះ ដើម្បី ប្រគល់ឱ្យកូនប្រុស-ស្រី
ទាំង២នាក់រស់នៅ នៅពេល ដែលរៀបការរួចរាល់នោះ។ ក្រោយពីបាន ទទួលការលួងលោម
និងយល់ឃើញថា ២នាក់ ប្ដី-ប្រពន្ធនេះមានមុខ មានមាត់ និងធ្វើជាសមត្ថកិច្ចផងនោះ ហើយ
ម្យ៉ាងទៀត គ្រួសារ របស់គាត់ជាកសិករ ក៏សុខចិត្ដយល់ព្រមធ្វើ ដន្លងជាមួយគ្នា ហើយភាគីទាំង
២ ក៏បានគិតគូរថ្ងៃរៀបការ ដោយឱ្យខាងប្រុសបង់ថ្លៃទឹកដោះចំនួន៣ពាន់ដុល្លារ រួចហើយខាង
ស្រីសន្យាថា នឹងផ្ដល់លុយថ្លៃ ចងដៃចំនួន១០ តុ ព្រមទាំងផ្ដល់លុយទាំងអស់ ជូនកូនប្រុស ស្រី
ទាំង២នាក់ សម្រាប់រកស៊ី នៅពេលរៀបការរួច ហើយបានអួតទៀតថា នឹងទិញរថយន្ដឱ្យកូន
រកស៊ីទៀតផង។

លោក ស៊ា ចាន់នី បានរៀបរាប់ទៀតថា នៅពេលដែលឯកភាពគ្នាភ្លាមភាគីខាងស្រី បានរៀប
ចំចាត់ចែង យកឈើមកធ្វើផ្ទះនៅ លើដីរបស់គាត់ និងបានរៀបចំអាពាហ៍ពិពាហ៍ រវាងកូនទាំង
ពីរនាក់ នៅថៃទី០២ ខែមីនា ឆ្នាំ២០១២ ហើយពេលរៀបការនោះមាន ភ្ញៀវជិតឆ្ងាយបានមក
ចូលរួមយ៉ាងច្រើន ។ ប៉ុន្ដែអ្វីៗ បានប្រែប្រួលមួយពព្រិចភ្នែក បន្ទាប់ពីពួកគេបានរៀបការឱ្យកូន
ទាំងពីរនាក់រួចហើយនោះ ស្រាប់តែនៅ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១២ ពីរនាក់ប្ដី-ប្រពន្ធនេះ បាន
យកកូនស្រីរបស់ខ្លួនត្រឡប់ទៅវិញ មិនឱ្យរួមដំណេក ជាមួយកូន ប្រុសរបស់គាត់នោះទេ ។
ដោយឡែក កូនស្រីរបស់ពួកគេក៏បាន ប្រាប់មកកូនប្រុស គាត់ថា តាមពិតទៅ រូបនាងគ្មានអារម្មណ៍
បន្ដិចសោះជាមួយកូនប្រុសគាត់ ពីព្រោះការយល់ព្រមរៀបការនេះ ដោយសារតែ ឪពុកម្ដាយបង្ខំ
ឱ្យធ្វើតាមពួកគាត់ ប៉ុណ្ណោះ។

ដំណើររឿងបានអូសបន្លាយរហូតដល់ ភាគីទាំងពីរសម្រេចផ្ដាច់ទំនាក់ទំនងគ្នា និងឱ្យកូនប្រុស
ស្រីទាំង២ នាក់ លែងលះគ្នា នៅឃុំត្រែងត្រយឹង នៅអំឡុងខែមេសា ឆ្នាំ២០១២ ប៉ុន្ដែក្រោយពី
រៀបការរួច និង លែងលះគ្នារួចមក ភាគីខាងកូនក្រមុំ ដែល មានឪពុក-ម្ដាយជាមេគំនិតនោះ មិន
បានរើ ផ្ទះចេញពីដីរបស់ គាត់ នោះឡើយ ថែមទាំង បន្ដនៅកាន់កាប់រហូតមកដល់ពេលនេះ
ថែម ទាំងចិញ្ចឹមជ្រូកចិញ្ចឹមមាន់ទៀតផង ពោល ធ្វើជាម្ចាស់កម្មសិទ្ធិដាច់ថ្លៃតែម្ដង មិនព្រម ចុះ
ចេញឡើយ ។

បន្ទាប់ពីដឹងថា ឈ្មោះខៀវ រិទ្ធី និងប្រពន្ធ សុខ សម្បត្ដិ ធ្វើល្បិចនិងប្រើនុយ កូនស្រី មកបោក
យកដីទទេៗ ព្រមទាំងថ្លៃទឹកដោះ ទៀតផងនោះ លោករួមជាមួយក្រុមគ្រួសារ បានស្វះស្វែងរក
អន្ដរាគមន៍ ពីអាជ្ញាធរ មូល ដ្ឋាន ប៉ុន្ដែនៅតែគ្មានលទ្ធផលរហូតដល់ដាក់ ពាក្យបណ្ដឹងទៅកាន់
តុលាការ បើទោះបីពុំ មានលុយ ដូច ភាគីខាង ស្រី ដែលមានមុខមាន មាត់និងអំណាច ព្រមទាំង
លុយកាក់សម្រាប់ ឈ្នះក្ដីក៏ដោយនោះ។

ក្រោយពីលោកបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការខេត្ដកំពង់ស្ពឺ រួចមក ហើយក្រោយពីសួរ
នាំ និងធ្វើការស្រាវជ្រាវ ចៅក្រមសាលាដំបូងខេត្ដកំពង់ស្ពឺ លោកម៉ែន រត្ថា កាលពីថ្ងៃទី២៩
ខែឧសភា ឆ្នាំ២០១២ ក៏បានចេញដីកា រក្សាការពារដីនេះ មិនឲ្យភាគី ខៀវ រិទ្ធី លក់ បញ្ចាំ ផ្ទេរ
សិទ្ធិ សាងសង់ ធ្វើអំណោយ ផ្ទេរមរតក រុះរើឥវ៉ាន់ និងឈប់ រស់នៅលើដីកម្មសិទ្ធិ ខាងលើនេះ។

បើតាមលោក ស៊ា ចាន់នី បើទោះបី តុលាការខេត្ដកំពង់ស្ពឺ បានចេញដីការក្សាការពារឱ្យលោក
ឈ្នះក្ដីក៏ដោយ ក៏លោក ខៀវ រិទ្ធី មិនអនុវត្ដតាមការសម្រេចរបស់ តុលាការ ថែមទាំងដាក់ពាក្យ
បណ្ដឹងលើ លោកវិញ ទៅសាលាឧទ្ធរណ៍ទៀតផង ប៉ុន្ដែ លោកមិនដឹងថា តើបុគ្គលរូបនេះ ដាក់
ពាក្យបណ្ដឹង ប្ដឹងលោកពីបទ អ្វីនោះឡើយ ។

អ្នកស្រី ឡុង ម៉ុយឡេង បានសុំអំពាវនាវ ឱ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាស្ថាប័ន តុលាការ
បន្ដចាត់ការ តាមផ្លូវច្បាប់ ចំពោះ បុគ្គលរូបនេះ ដែលបានប្រើរូបភាពតាមរយៈ កូនស្រីរបស់ខ្លួន
មកបោកបញ្ឆោត យកដីពី ក្រុមគ្រួសាររបស់អ្នកស្រី ដែលកំពុងតែមាន ជីវភាពក្រីក្រ ដោយពួក
គេបានប្រើអំណាច ដោយសារតែជា សមត្ថកិច្ច ដូច្នេះពុំមាន នរណាម្នាក់ នៅតំបន់ត្រែងត្រយឹង
នេះ ហ៊ាន ជាមួយរូបគេនោះឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្លះដែល រស់នៅក្នុងឃុំត្រែងត្រយឹង ក៏បានលួចបង្ហើប ឱ្យដឹងថា
គ្រួសារ ឈ្មោះ ខៀវ រិទ្ធី នេះ តែងតែបង្កព្យុះភ្លៀង និងដើរបោកគេឯងនៅក្នុង តំបន់ត្រែងត្រយឹង
ដោយសារតែ រូបគេ អាង ខ្លួនឯងជាមន្ដ្រីអាវុធហត្ថ និងបានប្រើកូនស្រី ជានុយបោកបញ្ឆោត
យកដី និងទ្រព្យសម្បត្ដិ របស់គេ ។ ប្រជាពលរដ្ឋខាងលើនេះ បានបន្ដ ទៀតថា ខៀវ រិទ្ធី នេះ
បានប្រើល្បិចឱ្យកូន ស្រីទី២ របស់ខ្លួនម្នាក់ទៀត ទាក់ទងកូន ប្រុសអ្នកមានមុខមានមាត់ម្នាក់
នៅឃុំត្រែង ត្រយឹង ដោយដំបូងឡើយ ឱ្យទាក់ទងជាមួយ លុះពេលក្មេងៗទាំងពីរនាក់ទាក់ទង
ជាមួយគ្នា រហូតដល់មានភាពជិតស្និទ្ធនោះ ស្រាប់តែពួកគេទាំងពីរនាក់ ប្ដី-ប្រពន្ធ ចោទថា គេចា
ប់រំលោភកូនស្រី រហូតដល់ប្រើសមត្ថកិច្ច ទៅចាប់ចងនិង បញ្ជូនទៅតុលាការដាក់គុក ដាក់ច្រវ៉ាក់
ទៀតផង។ ប៉ុន្ដែដោយសារគ្រួសារ ខាងលើ មានជីវភាពធូរធា ក៏បានរត់ការ និង ដោះលែងកូន
ប្រុស របស់ខ្លួនចេញពីគុកវិញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹង ទៀតថា មិនត្រឹមតែប្រើកូនស្រីរបស់ខ្លួនធ្វើ នុយ បោក
ប្រាស់គេ នោះទេ ប៉ុន្ដែឈ្មោះ ខៀវ រិទ្ធី នេះជំពាក់លុយថ្លៃចិញ្ចឹមជ្រូក និងរបស់ របរគេជាច្រើន
ផ្សេងទៀត រាប់ពាន់ដុល្លារ ហើយមិនព្រមសង ប៉ុន្ដែគ្មាននរណាម្នាក់ ហ៊ានជាមួយរូបគេឡើយ។

ជុំវិញការចោទប្រកាន់ទាំងអម្បាលម៉ានខាងលើមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចរក
ការបកស្រាយ ណាមួយពី លោកខៀវ រិទ្ធី និងភរិយា បានទេ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៣
ប៉ុន្ដែដើមអម្ពិល នឹងរង់ចាំការបកស្រាយ ណាមួយពីភាគីទាំង ពីរគ្រប់ពេលវេលា ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News