ព្រះសីហនុៈ លោកយាយជនជាតិហុងគ្រីម្នាក់ បានដេកស្លាប់បាត់បង់ជីវិត នៅផ្ទះជួលរបស់ចៅប្រសារស្រីរបស់ខ្លួន ខណៈមកលេងចៅបង្កើត និងចៅប្រសាស្រី ជាជនជាតិខ្មែរនៅក្រុងព្រះសីហនុ ។ ហេតុការណ៍នោះកើតឡើង នៅក្រុម៩ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ EMBER ODONNE ជនជាតិហុងគ្រី អាយុ១០២ឆ្នាំ កាន់លិខិតឆ្លងដែន លេខ BA 4800992 ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០០៧ ផុតកំណត់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧ និងទិដ្ឋកាលេខ EI 00649020 ។
ជនរងគ្រោះចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ។ ហើយបានចូលមកស្នាក់ក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ រហូតដល់ថ្ងៃកើតហេតុខាងលើ វេលាម៉ោង ០៦និង០០នាទីព្រឹក ចៅប្រសាស្រីឈ្មោះ ឈុំ សុគន្ធ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បានបើកទ្វារបន្ទប់ ទើបដឹងថាស្លាប់ ។ តាមប្រសាសន៍របស់វេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាល ដែលបានចូលរួមធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារជរាពាធ ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ កំពុងចាត់ចែងធ្វើបុណ្យតាមប្រៃពៃណី ៕