ភ្នំពេញ ៖ ភាពអនាធិបតេយ្យបង្កឡើង ដោយក្មេងស្ទាវ ពីរក្រុម ជិះម៉ូតូមកដេញ វាយដោយមិនដឹងមូលហេតុ បណ្តាលឱ្យដួលម៉ូតូរៀងៗខ្លួន ព្រមទាំងរងរបួស ខណៈនោះភាគីបង្ក បានយកម៉ូតូ មានការច្រំឡំម៉ូតូគ្នាជិះទៀតផង ដោយហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ភាគីម្ខាងដែលអះអាង ប្រាប់សមត្ថកិច្ចក្រុមរបស់គេ ជាជនរងគ្រោះ បានទៅអង្គុយលេង នៅសួនច្បារ មុខសណ្ឋាគារ ណាហ្កាវើល ហើយនាំគ្នាទិញខ្ចៅយកមកចាក់ហូប និងជជែកគ្នាលេងយ៉ាងសប្បាយ បន្ទាប់មកក៏បានជិះម៉ូតូ ត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមម៉ូតូ៣គ្រឿង មានស្តេប FZ និង ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៣ តាមផ្លូវព្រះសីហនុ ស្រាប់ តែមកដល់ចំណុចកើតហេតុ ក៏មានមនុស្ស ប្រុសមួយក្រុមជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៤ម៉ូតូ ស៊ុយស៊ូគីនិច ដោយនៅក្នុងដៃ ប្រដាប់ទៅដោយខ្សែ ក្រវ៉ាត់និងដុំថ្ម បានចុះពីលើម៉ូតូមកដេញវាយទៅលើក្រុមជនរងគ្រោះ ដែលមាននារីម្នាក់ផង។
នគរបាលមូលដ្ឋានបានបន្តថា ពេលនោះក៏មានការត ដៃគ្នាទៅវិញទៅមក រហូតបណ្តាល ក្រុមជនរងគ្រោះរបួសស្រាល ហើយក្រុមជនសង្ស័យ ក៏បានឡើងជិះម៉ូតូ ដើម្បីជិះរត់ស្រាប់ តែច្រលឡំ ឡើងជិះម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ទៅវិញ ដោយបន្សល់ ទុកម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៤ នៅនឹងកន្លែងកើតហេតុ ជាមួយនិង ខ្សែក្រវ៉ាត់ និងដុំថ្ម ។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានយកម៉ូតូដែលបន្សល់ទុកយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល