CamNews

ព័ត៌មានជាតិ 

ស្រវឹងដល់ថ្នាក់ បើករថយន្ត ទាំងបិទភ្នែក ទៅបុកបង្គោល ភ្លើងបាក់សង្កត់ ជាប់នៅច្បារអំពៅ

ភ្នំពេញ ៖ បុរស៣នាក់បានរងរបួសធ្ងន់ ស្រាល ក្នុងខណៈពួកគេជិះក្នុងរថយន្តមួយគ្រឿង
ដោយអ្នកបើកបរចុះពីលើស្ពានមុនីវង្ស យ៉ាងលឿន សំដៅទៅលំនៅឋាន នៅតាម បណ្ដោយ
ផ្លូវជាតិលេខ ១ ក្នុងសង្កាត់វាលស្បូវ ប៉ុន្តែមិនទាន់ដល់ផង ក៏ជ្រុលបុកបង្គោលភ្លើងនៅជិត
ស្តុបច្បារអំពៅបាក់អស់មួយដើម កាលពីវេលាម៉ោង ២៤ និង ៣០ នាទីយប់ថ្ងៃទី ២១ ខែ
ឧសភាឆ្នាំ ២០១៣ នៅចំណុចភូមិដើមអម្ពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។      

លោក ទិត ចំរើន នាយផ្នែក ចរាចរខណ្ឌមានជ័យ បានឲ្យដឹងថា បុរសរងគ្រោះទាំងបីនាក់
នេះ ជិះក្នុងរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M 9980
ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពោលគឺចុះពីស្ពានមុនីវង្សថ្មី សំដៅទៅកើត តាម
បណ្តោយផ្លូវជាតិលេខ១ ដោយពួកគេបានបើករថយន្ត យ៉ាងលឿន លុះមកដល់ចំណុចកើត
ហេតុ ទំនងជាអ្នកបើកបរ ដេកលក់ ទើបបណ្ដាលឲ្យរេចង្កូតរថយន្តទៅបុកបង្គោលថ្ម បាក់
ត្រឹមគល់ រលំទើរលើដំបូល ផ្ទះប្រជា ពលរដ្ឋ ហើយខ្សែភ្លើងរប៉ាត់រប៉ាយ ពេញផ្លូវថែមទៀត
ហើយរថយន្តបានផ្ទុះពោងសុវត្ថិភាព និងរងការខូចខាតទាំងស្រុង។

ក្នុងហេតុការណ៍រថយន្តបង្កហេតុត្រូវបង្គោលភ្លើងបាក់រលំសង្កត់ពីលើ បណ្តាលឲ្យអ្នកនៅ
ក្នុងរថយន្តបីនាក់ មានពីរនាក់រងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្ត
ត្រូវរងការខូតខាតទាំងស្រុង។ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសពីរនាក់ដែល
រងរបួសធ្ងន់ ទី១ឈ្មោះ ម៉ូ នីកា ភេទប្រុស អាយុ ៣៥ ឆ្នាំ នឹងម្នាក់ទៀត ឈ្មោះ សុខ លាភ
ភេទប្រុសអាយុ ៣០ ឆ្នាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកមានជ័យ ។ ចំណែកអ្នក
រងរបួស ស្រាលមិនត្រូវស្គាល់អត្ត សញ្ញាណដោយសារក្រោយពេលកើតហេតុរូបគេបានរត់
គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាល
រាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ ប៉ុន្តែមិនហ៊ាន អូសចេញនៅឡើយទេ ព្រោះមានខ្សែភ្លើង
រញ៉េរញស៉ ខ្លាចមានកើតហេតុ ផ្សេងៗ ទុក រហូតដល់ព្រឹកថ្ងៃទី២២ ឧសភា ទើបក្រុមមន្រ្តី
អគ្គិសនី ចុះមកមើលស្ថានភាព ចាត់ចែងយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើង
គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ