ភ្នំពេញ ៖ រថយន្ដឡង់រ៉ូវ៉ែរ ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ ២យូ ៦៩៩០ បារេចង្កូត បុករបង
ផ្ទះប្រជាពលរដ្ឋ នៅតាមដងផ្លូវ បណ្ដាលឱ្យរងការខូចខាត និងបាក់ដើមឈើ ២ដើម រីឯរថយន្ដ
រងការខូចខាតផ្នែកខាងមុខ ។ យ៉ាងណាក៏ដោយសាក្សីនៅកន្លែង កើតហេតុបានបញ្ជាក់ថា
ម្ចាស់រថយន្ដដែល គេមិនស្គាល់អត្ដសញ្ញាណ បានបញ្ជូនតំណាង របស់ខ្លួនមកដោះស្រាយ
ដោយចេញលុយសង ដើម្បីបញ្ចប់រឿង ជាមួយម្ចាស់ផ្ទះកើតហេតុ ។
គ្រោះថ្នាក់ចរាចរនេះ ដែលសាក្សី សង្ស័យថា អាចបណ្ដាលមកពីគ្រឿងស្រវឹង នោះ បានកើត
ឡើងកាលពីវេលាម៉ោង ១ ជាង យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៣
ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ ៥ ក្នុង សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ។ បើតាម
សាក្សី មុនពេលកើតហេតុ រថយន្ដ មួយគ្រឿងនេះ បានធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ
៥ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកចូល ក្នុងរបងផ្ទះ
ប្រជាពលរដ្ឋ បណ្ដាលឱ្យរងការ ខូចខាត និងបាក់ដើមឈើចំនួន ២ដើម ។
ក្រោយកើតហេតុ ម្ចាស់រថយន្ដមិនបាន ឈប់ទទួលខុសត្រូវនោះទេ ហើយបន្ដបើក រត់ប៉ុន្ដែ
ពេលទៅដល់មុខសាលាខណ្ឌឫស្សី កែវ រថយន្ដដាច់កាឡេទើបទៅលែងរួច ហើយសមត្ថកិច្ច
មូលដ្ឋាន បានចុះទៅឃាត់ រថយន្ដតែម្ដង ។ យ៉ាងណាក៏ដោយ ម្ចាស់រថយន្ដបានចេញ ពីកន្លែង
កើតហេតុ ដោយទុកឱ្យតំណាងរបស់ខ្លួនចរចា ជាមួយ ជនរងគ្រោះ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល