CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ ឆាបឆេះ ផ្ទះគ្រូបង្រៀន មួយដង្ហើម ចង្រិតនៅកៀនស្វាយ

កណ្តាល : ផ្ទះឈើលើ ថ្មក្រោម ដំបូលប្រក់សង្ក័សី មួយខ្នង ត្រូវអគ្គិភ័យឆាប ឆេះសម្ភារ:ខាងក្នុង
ផ្ទះអស់ មួយចំនួន កាលពីវេលាម៉ោង ៩ និង៣៥នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅភូមិ
រទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមលោក នង ណារិន ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបលោកអង្គុយ
លេងនៅ ក្រោមផ្ទះដូចសព្វមួយដង ស្រាប់តែមួយសន្ទុះក្រោយ មក ក៏បានមានផ្សែងហុយ ចេញពី
ក្នុងពិដានជាន់ខាងលើ និងមានធ្លាក់សន្លឹកពិដានជ័រ ដោយមានអណ្តាតភ្លើងចេញមកផងដែរ ។

លោក នង ណារិន បន្តទៀតថា ភ្លាមៗនោះ ក៏បានស្រែកឆោឡោឡើង ហើយអ្នកភូមិ ក៏បាននាំគ្នា
មកជួយ ខ្លះទាញទុយោទឹក ខ្លះដងទឹករត់ឡើង លើផ្ទះ ជះពន្លត់បានទាន់ពេលវេលា។ លោក នង
ណារិន អាយុ ៣៨ឆ្នាំ ជាគ្រូបង្រៀននៅ បឋមសិក្សារទាំង បាននិយាយថា ផ្ទះរបស់គាត់ មានទំហំ
៨ម៉ែត្រ គុណ ១២ម៉ែត្រ ។

សូមបញ្ជាក់ថា តាមសេចក្តី រាយការណ៍របស់ប្រជាពល រដ្ឋ នៅក្នុងហេតុការណ៍អគ្គិ ភ័យនេះ បាន
បំផ្លាញសម្ភារ: នៅក្នុងផ្ទះតិចតូច ដោយសារតែ បានអ្នកភូមិ ផ្ទះជិតខាងសហការគ្នាជួយ ជះទឹក
ពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាល ដល់ផ្ទះជិតខាងឡើយ ។

សេចក្តីរាយការណ៍បន្តថា នៅក្នុងគ្រោះអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យ ទៅមិនដល់ទេ ព្រោះពុំ
មាន អ្នកបើកបរពិតប្រាកដ គឺយកអ្នកបើកបរ រថយន្ត របស់ចៅហ្វាយស្រុក ទៅបើករថយន្តពន្លត់
អគ្គិភ័យ ដែលគ្មានជំនាញ។

មជ្ឈដ្ឋានអ្នកស្រុកកៀន ស្វាយ បានរិះគន់ទៅលើ ថ្នាក់ដឹកនាំស្រុកថា មិនយកចិត្តទុកដាក់ អនុវត្តន៍
តាមគោលការណ៍ ភូមិ ឃុំ មានសុវត្ថិភាព ។ ពោលគឺរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន នគរ
បាល ខេត្ត ដែលយកទៅដាក់ ប្រចាំការ ជួយសង្រ្គោះ នៅក្នុងបរិវេណសាលាស្រុក កៀនស្វាយ
ប្រៀបយកទៅ ដាក់តាំងលំអប៉ុណ្ណោះ។ ដោយហេតុថា ដើមឆ្នាំ២០១៣ កន្លងមកនេះ ហេតុការណ៍
អគ្គិភ័យបានកើតឡើងចំនួន ៣ករណីហើយ ប៉ុន្តែមិនដែលឃើញ រថយន្តពន្លត់អគ្គិភ័យ របស់ស្រុក
កៀនស្វាយ ចេញអន្តរាមន៍បានទាន់ពេល ម្តងណាឡើយ ហើយបើសិន ជាបានចេញទៅនោះពេល
ទៅដល់ រងយន្តក៏បាញ់ទឹកមិនចេញដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ