CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ ​ចេញ​ព្រះរាជក្រឹត្យ ​លើកលែង​ទោស សួន សេរីរដ្ឋា

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលមាននិន្នាការប្រឆាំងជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានតុលាការ ធ្វើការកាត់ទោសពីបទរួមគំនិតក្បត់ជាតិនោះ ឥឡូវត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោសហើយ។

យោងតាមព្រះរាជក្រឹត្យ នសរកត/០៧១៥/៧០៨ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្រេចធ្វើការលើកលែងទោស ដល់ទណ្ឌិត សួន សេរីរដ្ឋា ភេទប្រុស អាយុ៤៣ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ តាមចំណារសាលដីកាស្ថាពរលេខ៣១ ក្រអប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ របស់សាលាឧទ្ធរណ៍។

ការសម្រេចធ្វើការស្នើសុំ និងលើកលែងទោសទៅលើទណ្ឌិត សួន សេរីរដ្ឋា ខាងលើនេះ គឺដើម្បីផ្តល់ឱកាសឲ្យលោក បានវិលត្រឡប់មកបន្តដឹកនាំ គណបក្សនយោបាយរបស់លោកឡើងវិញ។

សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបានតុលាការរាជធានីភ្នំពេញ ធ្វើការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពីបទញុះញុងផ្តួលរំលំរាជរដ្ឋាភិបាល និងរួមគំនិតក្បត់ជាតិ។ ក្រោយមកលោក សួន សេរីរដ្ឋា បានបន្តប្តឹងទៅសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍កាត់ តម្កល់សាលក្រមរបស់តុលាការរាជធានីភ្នំពេញ និងបានចូលជាស្ថាពរ។ បច្ចុប្បន្នលោក សួន សេរីរដ្ឋា ត្រូវបានគេដឹងថា កំពុងស្ថិតនៅក្រៅប្រទេស (សហរដ្ឋអាម៉េរិក)៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP