CamNews

ព័ត៌មានជាតិ 

រថយន្ត ដឹកខោអាវ រោងចក្រ បើកលឿន បុកអ្នកដើរ សុំទានស្លាប់

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ជាអ្នកដើរសុំទាន ត្រូវរថយន្តដឹកអីវ៉ាន់ រោងចក្របើកលឿន
ដូចព្យុះ បុកពីក្រោយ បណ្តាលឲ្យបាក់ចង្កេះ ដួលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែក
ឯរថយន្តបង្ក បានបន្ថែមល្បឿន គេច ចូលទៅក្នុងរោងចក្រ ប៉ុន្តែ ត្រូវបាននគរបាលចរាចរខណ្ឌ
តាមរកឃើញ និងធ្វើការឃាត់ទាំងរថយន្ត យករក្សាទុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី ៧ ខែឧសភា ឆ្នាំ
២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវលំ ខាងមុខរោងចក្រប្លូស្កាយ ភូមិទួលពង្រ សង្កាត់ចោម
ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មុំ ព្រឿង ភេទ
ប្រុស អាយុ ៥៨ឆ្នាំ មានមុខរបរ ជាអ្នកដើរសុំទាន ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត
នៅភូមិអំពិលទាប ឃុំព្រៃរំដេង ស្រុក មេសាង ខេត្តព្រៃវែង (ស្លាប់នៅនឹងកន្លែងកើតហេតុ) និង
មានប្រពន្ធឈ្មោះ ខាត់ សួន អាយុ ៥១ ឆ្នាំ ដើរសុំទាន ជាមួយគ្នា ។ ចំណែកឯរថយន្តបង្ក ម៉ាក
ហ៊ីយ៉ានដាយ ពណ៌ខៀវ ២តោនកន្លះ ស្លាកលេខ គ្រាន់តែគេស្គាល់ថា ០៧៧០ ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបង្ក បើកក្នុងទិសដៅ ពីជើងទៅត្បូង ក្នុង
ល្បឿនលឿនដូចព្យុះ លុះដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុកអ្នកថ្មើជើង ពីក្រោយយ៉ាងពេញ
ទំហឹង បណ្តាលឲ្យប៉ើងមនុស្សរាប់ម៉ែត្រ រងរបួសបាក់ចង្កេះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ
តែម្តង ។ ប៉ុន្តែរថយន្តបង្កមិនបានឈប់នោះទេ គឺបាន បន្ថែមគេចទៅចូលក្នុងរោងចក្រ ប៉ុន្តែត្រូវ
បានសាក្សីឃើញ ហើយចង្អុលបង្ហាញប្រាប់នគរបាល ទើបនគរបាល ចរាចរខណ្ឌ តាមចូលទៅ
យកចេញពីរោងចក្រ មករក្សាទុក នៅអធិការដ្ឋាន បណ្តោះអាសន្ន ដើម្បីកសាងសំណុំ រឿង
បញ្ជូនទៅកាន់ចរាចរជើងគោក រាជធានី ឲ្យចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ