ភ្នំពេញ៖ មន្រ្តីអាវុធហត្ថម្នាក់ បម្រើការងារ នៅខេត្តតាកែវ (បញ្ជាក់តាមកាត នៅក្នុងរថយន្ត ) ត្រូវ
បានកម្លាំង នគរបាល ប៉ុស្តិ៍បឹងព្រលិត ខណ្ឌ៧មករា ចាប់ខ្លួននៅវេលាម៉ោង ប្រមាណ ៩៖៣០នាទី
យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្រោយពីមានព័ត៌មានថា មន្រ្តីអាវុធហត្ថរូបនេះ បានសម្លុត
ដក កាំភ្លើងភ្ជង់ បុរសរត់ម៉ូតូឌុបម្នាក់ ដោយសារតែ មន្រ្តីអាវុធហត្ថរូបនេះ បានខឹងនឹងអ្នករត់ម៉ូតូឌុប
ជូនមិត្តភក្តិរបស់ខ្លួន ឡើងរថយន្តក្រុងទៅខេត្តសៀមរាប យឺតពេក ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានការភ្ញាក់ផ្អើលមួយ នៅមុខ
បេនរថយន្តក្រុង កាំពីតូល មុខផ្សារអូរឫស្សី នៅពេលដែល មន្រ្តីអាវុធរូបនេះ មានជម្លោះជាមួយ
បុរសរត់ម៉ូតូឌុប រហូតដល់ប្រើពាក្យដក កាំភ្លើងភ្ជង់ ។
បើតាមប្រជាពលរដ្ឋ នៅទីនោះ បានបន្តថា មុនពេលកើតហេតុ គេឃើញមន្រ្តីអាវុធហត្ថឈ្មោះ ជុំ
ម៉ៅ បម្រើការងារ នៅខេត្តតាកែវ បើករថយន្តម៉ាកឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-0943
បានធ្វើដំណើរ តាមផ្លូវលេខ ១៨២ ហើយមានជម្លោះពាក្យសម្តី ជាមួយ អ្នកជិះរត់ម៉ូតូឌុប ម៉ាកសេ
១២៥ មួយគ្រឿង រហូតដល់ប្រើពាក្យ ដកកាំភ្លើងភ្ជង់ តែពុំឃើញមានកាំភ្លើងនោះទេ ទើបបង្កឲ្យ
មានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច មូលដ្ឋាន ចុះមកឃាត់ខ្លួនតែម្តង។
ជុំវិញករណីនេះអធិការនគរបាល ខណ្ឌ៧មករា លោក យិន សាន បានថ្លែងឲ្យដឹងថា ក្រោយទទួល
ព័ត៌មាននេះ លោកបានបញ្ជាឲ្យកម្លាំងនគរបាល ប៉ុស្តិ៍បឹងព្រលិត ចុះទៅដល់កន្លែង កើតហេតុ ដើម្បី
ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ យកទៅសួរនាំ ។
លោក យិន សាន បានបន្តថា ក្រោយពីការសួរនាំ ទើបដឹងថា តាមពិតគ្រាន់តែការ ប្រើពាក្យសម្តី
សម្លុត ដកកាំភ្លើងភ្ជង់នោះទេ តាមពិតពុំមានកាំភ្លើងឡើយ ។ ក្រោយការសួរនំា និងធ្វើកំណត់ហេតុ
រួច ពួកគេទាំងពីរនាក់ ត្រូវបានបញ្ជូនទៅឲ្យមន្រ្តីអាវុធហត្ថ ខណ្ឌ៧មករា ដើម្បីសួរនាំបន្តទៀត៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល