ភ្នំពេញ ៖ ថៅកែជនជាតិចិន ២នាក់ ដែលសមត្ថកិច្ចអះអាងថា ជាថៅកែរោង ចក្រកាត់ដេរ សម្លៀកបំពាក់យីហោ អិលស៊ី ត្រូវបានចាប់ខ្លួន ក្រោយពីពួកគេបាននាំគ្នា បើករថយន្ដ ប្រដាប់ ដោយពូថៅញញួរទៅ វាយទ្វាររោងចក្រ ប៉ុនប៉ងយកសម្ភារៈ និង ទ្រព្យសម្បត្ដិនៅខាងក្នុង រោងចក្រ ខណៈ ដែលបញ្ហា នៃការដោះស្រាយរវាងថៅកែ រោងចក្រ និងកម្មករ មិនទាន់ត្រូវបាន បញ្ចប់ នៅឡើយ ហើយគ្មានភាគីណាម្នាក់អាចទៅ ប៉ះពាល់សម្ភារៈ នៅខាងក្នុងរោងចក្របាន នោះទេ ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចខណ្ឌសែន សុខ បានឱ្យដឹងថា ករណីថៅកែជនជាតិចិន ទាំង ២នាក់ បានយកពូថៅ ញញួរទៅវាយ ទ្វាររោងចក្រប៉ុនប៉ងយកសម្ភារៈ និងទ្រព្យសម្បត្ដិ ពីក្នុងរោងចក្រ នោះបានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ និង ១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្ដោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ ពីអត្ដសញ្ញាណថៅកែ ជនជាតិទាំង ២នាក់នៅឡើយទេ ហើយ បច្ចុប្បន្ន បាន និងកំពុងសួរនាំបន្ដនៅអធិ ការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីដោះ ស្រាយបន្ដទៀត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល