CamNews

ព័ត៌មានជាតិ 

អាងហែលទឹក របស់សណ្ឋាគារ Rock Royal ឆក់យកជីវិត មនុស្ស២នាក់ រយះជាង២ម៉ោង

កែប ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ និងក្មេងវ័យជំទង់ អាយុ១៩ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ នៅក្នុងអាង ហែលទឹក របស់សណ្ឋាគារ Rock Royal ស្ថិតនៅសង្កាត់កែប ក្រុងកែប ខេត្តកែប តែក្នុងរយះ ពេល ជាង២ម៉ោង កាលពីល្ងាច និងយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។

ស្នងការ នគរបាលខេត្តកែប លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានថ្លែងថា ហេតុការណ៍ទីមួយ បានកើតឡើង នៅវេលាម៉ោង ប្រមាណ ៥៖៤០នាទី ដែលបណ្តាលឲ្យ ក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ រស់នៅ ភូមិសំណង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លង់ទឹកស្លាប់ ខណៈមកស្នាក់នៅក្នុងសណ្ឋាគារ ជាមួយឪពុកម្តាយ ដើម្បីដើរលេងកំសាន្តនៅក្រុងទេសចរណ៍មួយនេះ។

លោកឧត្តម សេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយមានហេតុការណ៍ ខាងលើនេះ កើតឡើង លោកបានសុំ គោលការណ៍ ពីអភិបាលខេត្ត និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីបង្កើត គណៈកម្មាការ ចុះស្រាវជ្រាវ ទីតាំងអាងហែលទឹក ខាងលើ ឈានទៅដល់ការ បិទជាបណ្តោះអាសន្ន ។

ប៉ុន្តែខណៈកម្មាការ កំពុងចុះទៅស្រាវជ្រាវ ដើម្បីបិទ អាងហែលទឹក ជាបណ្តោះអាសន្ន ស្រាប់តែភ្លាមៗនោះ មានយុវជនម្នាក់ បានលង់ទឹកស្លាប់ តែមួយទៀត នៅវេលាម៉ោង ជាង៨យប់ ថ្ងៃដដែលនោះ ពោល រយះពេលជាង២ម៉ោង កើតឡើងចំនួន២លើក ។

លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានបន្តទៀតថា ជនរងគ្រោះ អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងជាចៅរបស់រដ្ឋលេខាធិការក្រសួងម្នាក់ ។ បើតាមលោកស្នងការ ម្ចាស់សណ្ឋាគារមានឈ្មោះ ថេង គួយ រស់នៅខេត្តកណ្តាល ប៉ុន្តែលោកមិនដឹងថា តើម្ចាស់សណ្ឋាគារ ចេញថ្លៃផ្តល់សំណង យ៉ាងណា នោះឡើយ ។

ក្រោយកើតហេតុ សពជនរងគ្រោះ ទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅ ធ្វើបុណ្យ តាមប្រពៃណី ខណៈអាងហែលទឹក របស់សណ្ឋាគារត្រូវបានបិ ទជាបណ្តោះអាសន្ន។ តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច ខេត្តកែប បានលួចបង្ហើបថា កាលពីពេលកន្លងទៅ ក៏មានករណីលង់ទឹកស្លាប់ នៅក្នុងអាងហែលទឹកខាងលើនេះដែរ ដូច្នេះសង្ស័យ អាចមានជើងកបក៏ថាបាន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kep